អូស្រ្តាលី ថាបុគ្គលិកយោធារបស់ខ្លួនមានសុវត្ថិភាព បន្ទាប់ពីគ្រាប់ផ្លោងអ៉ីរ៉ង់ ធ្លាក់ក្បែរមូលដ្ឋានទ័ពអាកាសនៅអេមីរ៉ាត់អារ៉ាប់រួម (Video inside)
18-03-2026 11:55
(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានទទួលស្គាល់ថា គ្រាប់ផ្លោងរបស់អ៉ីរ៉ង់មួយគ្រាប់ បានធ្លាក់ក្បែរមូលដ្ឋានទ័ពអាកាស Al Minhad ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាថ្ងៃពុធ ទី១៨ ខែមីនានេះ ហើយថាបុគ្គលិកការពារជាតិអូស្រ្តាលីទាំងអស់ដែលកំពុងឈរជើងនៅទីនោះ មានសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Albanese បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋ Tasmania យ៉ាងដូច្នេះថា «មានការខូចខាតតិចតួចដល់កន្លែងស្នាក់នៅ និងទីតាំងពិនិត្យសុខភាព ដោយសារតែអគ្គីភ័យតូចមួយ បង្កឡើងការបាញ់ផ្លោងលើផ្លូវធ្វើដំណើរទៅកាន់មូលដ្ឋាននោះ»។
គួរបញ្ជាក់ថា Al Minhad មានបុគ្គលិកយោធាអូស្ត្រាលីជាង ១០០នាក់ រួមជាមួយបុគ្គលិកយោធាអង់គ្លេស និងអាមេរិកមួយចំនួនតូច។ មូលដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់អេមីរ៉ាត់អារ៉ាប់រួម។ អូស្ត្រាលីប្រើប្រាស់ទីតាំងនេះជាមជ្ឈមណ្ឌលយោធា ភស្តុភារ ឃ្លាំមើល និងបណ្តុះបណ្តាលដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា៕




