លោក ហ្សេលេនស្គី៖ អ្នកជំនាញទប់ទល់ដ្រូនជាង២០០នាក់របស់អ៊ុយក្រែន ត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ា (Video inside)
18-03-2026 14:33
(ឡុងដ៍)៖ កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ្នកជំនាញយោធាផ្នែកប្រយុទ្ធប្រឆាំងយន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន២០១នាក់ កំពុងស្ថិតនៅមជ្ឈិមបូព៌ា ដើម្បីការពារតំបន់នេះពីការវាយប្រហាររបស់យន្តហោះដ្រូនអ៉ីរ៉ង់ Shahed ហើយ៣៤នាក់ទៀត ត្រៀមលក្ខណៈជាស្រេច ដើម្បីដាក់ពង្រាយបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងនៅសភាចក្រភពអង់គ្លេស អំឡុងទស្សនកិច្ច លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា «ទាំងនេះគឺជាអ្នកជំនាញយោធា ដែលដឹងច្បាស់ពីរបៀបជួយ... ពីរបៀបការពារប្រឆាំងដ្រូន Shahed។ ក្រុមការងាររបស់យើង កំពុងស្ថិតនៅរួចស្រេចក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត និងកំពុងឆ្ពោះទៅកូវ៉ែត»។
គួរបញ្ជាក់ថា អំឡុងសង្រ្គាមជាមួយរុស្ស៉ីចាប់តាំងពីឆ្នាំ២០២២មក អ៊ុយក្រែនបានអភិវឌ្ឍមធ្យោបាយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបាញ់ស្ទាក់យន្តហោះដ្រូនអត្តឃាតផលិតដោយអ៉ីរ៉ង់ Shahed ដែលទីក្រុងមូស្គូបានប្រើប្រាស់។ បើតាមលោក ហ្សេលេនស្គី ក្រៅពីផលិតដ្រូនហោះលើអាកាស និងដ្រូនរត់ក្រោមផ្ទៃទឹក អ៊ុយក្រែនបានផ្តោតលើការផលិតដ្រូនសម្រាប់ស្ទាក់យន្តហោះដ្រូន ហើយលោកបានអះអាងថា ទីក្រុងកៀវមានសមត្ថភាពផលិតដ្រូនស្ទាក់ទាំងនោះ បានយ៉ាងហោច២០០០គ្រឿងក្នុងមួយថ្ងៃ ដែលពាក់កណ្តាលគឺសម្រាប់ការការពាររបស់ខ្លួនឯងផ្ទាល់ និងសល់ពីនោះ គឺអាចសម្រាប់ប្រើដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕







