ក្រោយទើបផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់និងមេបញ្ជាការអ៉ីរ៉ង់២រូបទៀត អ៉ីស្រាអែលប្តេជ្ញាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei ឱ្យបាន (Video inside)

18-03-2026 15:06

(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា បាននិយាយថា ខ្លួននឹងតាមប្រមាញ់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ គឺលោក Mojtaba Khamenei ឱ្យបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Effie Defrin បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងមិនដឹងអំពី លោក Mojtaba Khamenei។ យើងមិនបានលឺអំពីគាត់ ឬឃើញគាត់ទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកនូវរឿងមួយថា ពួកយើងនឹងតាមរុករក ហើយកម្ចាត់គាត់ចោល»

ការព្រមាននេះធ្វើឡើង បន្ទាប់ពីអ៉ីរ៉ង់បានទទួលស្គាល់ថា ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ខ្លួន គឺលោក Ali Larijani និងមេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា Basij លោក Gholamreza Soleimani ទើបតែត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា លោក Mojtaba Khamenei បានឡើងជាមេដឹកនាំកំពូលថ្មី បន្ទាប់អតីតមេដឹកនាំកំពូល ដែលជាឪពុករបស់លោក គឺលោក Ayatollah Ali Khamenei បានស្លាប់ កាលពីថ្ងៃដំបូងនៃសង្រ្គាម ក្នុងការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល៕