នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Gerald R. Ford ត្រឡប់ចូលកំពង់ផែជាបណ្តោះអាសន្ន បន្ទាប់ពីមានភ្លើងឆេះកាលពីសប្តាហ៍មុន (Video inside)
18-03-2026 15:41
(វ៉ាស៉ីនតោន)៖ មន្ត្រីអាមេរិកបានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង Gerald R. Ford របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់ នឹងចូលចតនៅកំពង់ផែជាបណ្តោះអាសន្ន បន្ទាប់ពីមានភ្លើងឆេះ កាលពីសប្តាហ៍មុន ខណៈសង្រ្គាមចូលដល់សប្តាហ៍ទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦។
Gerald R. Ford ជានាវាថ្មីបំផុតរបស់អាមេរិក និងធំជាងគេបំផុតលើពិភពលោក បច្ចុប្បន្នឈរជើងនៅសមុទ្រក្រហម។ វាត្រូវបានគេរំពឹងថានឹងទៅកាន់ឈូងសមុទ្រ Souda ហើយចូលចតលើកោះ Crete ប្រទេសក្រិក ជាបណ្តោះអាសន្ន។ តែគេមិនដឹងថាវាត្រូវស្ថិតនៅទីនោះក្នុងរយៈពេលប៉ុន្មានទេ។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា នាវិកជិត ២០០នាក់ត្រូវការព្យាបាល ដោយសារតែឈ្លក់នឹងផ្សែង នៅពេលដែលមានការឆាបឆេះ ចេញពីទីតាំងបោកគក់លើនាវា។ គេប្រើពេលច្រើនម៉ោង ទើបអាចគ្រប់គ្រងការឆាបឆេះបាន និងប៉ះពាល់ដល់កន្លែងសម្រាកប្រហែល ១០០បន្ទប់។
នាវាចម្បាំងនេះត្រូវបានដាក់ពង្រាយអស់រយៈពេល ៩ខែមកហើយ ដោយបានចូលរួមប្រតិបត្តិការប្រឆាំងវ៉េណេស៊ុយអេឡានៅតំបន់ Caribbean មុនពេលទៅដល់មជ្ឈិមបូព៌ា។ មាននាវិកជាង ៥០០០នាក់ យន្តហោះយោធាជាង ៧៥គ្រឿង រួមទាំងយន្តហោះចម្បាំងដូចជា F-18 Super Hornets នៅលើនោះ។ វាក៏មានប្រព័ន្ធរ៉ាដាទំនើប ដែលអាចជួយគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងការរុករកផងដែរ៕







