ទេសចរណ៍កម្សាន្តឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជួបប្រទះនឹងផលប៉ះពាល់ ចំពោះមុខសង្រ្គាមអ៉ីរ៉ង់ (Video inside)

18-03-2026 17:17

(ឌូបៃ)៖ ចរន្តទេសចរណ៍កម្សាន្តឌូបៃ របស់អេមីរ៉ាតអារ៉ាប់រួម ដែលទើបបំបែកកំណត់ត្រាប៉ុន្មានខែមុន ឥឡូវនេះ កំពុងវិលក្នុងល្បឿនយឺត ជាមួយជើងហោះហើរទៅ-មកក្នុងចំនួនកំណត់ ខណៈដែនអាកាសនៅទូទាំងតំបន់គ្មានស្ថិរភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែមី​នា ឆ្នាំ ២០២៦។

សណ្ឋាគារ និងភោជនីយដ្ឋាន​ ហាក់ភាពស្ងប់ស្ងាត់ជាង​មុន​គួរឱ្យកត់សម្គាល់ ប៉ុន្តែមន្ត្រីនៅឌូបៃ ដែលមានរហស្សនាម ជាគជ់ប្រចាំតំបន់ឈូងសមុទ្រ និយាយថា អាជីវកម្មនៅតែដំណើរ។ នាប៉ុន្មានថ្ងៃថ្មីៗនេះ គេហទំព័រកក់សេវាកម្មនានា បានផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន ដែលជារឿងស្ទើរតែមិនធ្លាប់ឮ នៅអេមីរ៉ាត់អារ៉ាប់រួម។

ថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៉ីរ៉ង់បាញ់មីស៊ីល លើប្រទេសក្បែរខាងក្នុងតំបន់ឈូងសមុទ្រ ជាការសងសឹកនឹងអាមេរិក-អ៉ីស្រាអែល ដែលបានធ្វើការវាយប្រហារលើទីក្រុងតេហេរ៉ង់ គេបានឃើញសារប្រកាសអាសន្នតាមទូរស័ព្ទដៃ ព្រមានប្រជាជន និងអ្នកទេសចរទូទាំងតំបន់ ឱ្យស្វែងរកកន្លែងគេចគ្រាប់។

អាជ្ញាធរទទួលស្គាល់ថា គ្រាន់តែនៅយប់ដំបូងនៃសង្រ្គាម ដ្រូនមួយគ្រឿងបានវាយប្រហារកោះរីសត Palm Jumeirah ក្នុងទីក្រុងឌូបៃ ដែលនៅជិតរមណីយដ្ឋានប្រណីត The Fairmont។ របាយការណ៍បង្ហាញថា ការកក់កន្លែងជាង ៨០ ០០០កន្លែងនៅទីក្រុងឌូបៃ ត្រូវបានលុបចោល ក្នុងសប្តាហ៍ដំបូងនៃសង្រ្គាម។

នៅឯទីក្រុងអាប៊ូដាប៊ីវិញ ក្រសួងវប្បធម៌ និងទេសចរណ៍ បានណែនាំសណ្ឋាគារនានា អនុញ្ញាតឱ្យភ្ញៀវស្នាក់នៅ រហូតដល់ពួកគេអាចចាកចេញដោយសុវត្ថិភាព ដោយរដ្ឋាភិបាលនឹងចេញថ្លៃស្នាក់នៅ សម្រាប់អ្នកដែលមិនអាចចាកចេញបាន ដោយសារតែការលុបជើងហោះហើរ៕