លោក Wang Yi ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូង នៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ «៣+៣» ស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈរវាងចិននិងវៀតណាម និងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគី
18-03-2026 18:03
(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែមីនា នៅក្រុងហាណូយ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូង នៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ"៣+៣"ស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈ រវាងចិននិងវៀតណាមនិងអញ្ជើញជាអធិបតីក្នុ ងកិច្ចប្រជុំនៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ១៧ ។
លោក Wang Yi បានលើកឡើងថា ក្នុងកិច្ចប្រជុំលើកដំបូង ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីប្រធានបទ “ការសម្របសម្រួលការអភិវឌ្ឍនិងសន្តិសុខ ដើរតាមមាគ៌ាសង្គមនិយមឱ្យបានល្អនិងពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈមរួម" ព្រមទាំងបានឈានដល់គំនិតឯកភាពគ្នាយ៉ាងទូលំទូលាយ។
ក្នុងនាមជាវិធានការជាក់ស្តែងសម្រាប់ ការអនុវត្តគំនិតឯកភាពរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចិននិងវៀតណាម បានរៀបចំធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការបង្រ្កាបបទឧក្រិដ្ឋ ក្រៅពីនេះ កងទ័ពនៃប្រទេសទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាពលើកទី ១០ស្តីពីការការពារជាតិនៅតំបន់ព្រំដែន និងរៀបចំសកម្មភាពជាច្រើន ដូចជាក្បួននាវាចម្បាំងរបស់កងទ័ពជើងទឹក ធ្វើការយាមល្បាតចម្រុះ និងធ្វើការហ្វឹកហាត់រួមគ្នាជាដើម ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទីពីរនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ "៣+៣" នៅប្រទេសចិនក្នុងពេលសមស្របណាមួយ។
លោក Wang Yi បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ទីមួយលើកកម្ពស់ការកសាង ទំនុកចិត្តរវាងគ្នានិងគ្នា បង្កើនការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច រួមគ្នាស្វែងរកមាគ៌ាគ្រប់គ្រងបក្សនិងកសាងប្រទេសខ្លាំងក្លា ។ ទីពីរ ធ្វើឱ្យកិច្ចសហការខាងសន្តិសុខមានភាពកាន់តែសម្បូរបែប ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការលើ វិស័យសន្តិសុខសាយប័រ បង្ក្រាបល្បែងអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមចាប់ឧក្រិដ្ឋជនដែលរត់គេចខ្លួន និងដកហូតទ្រព្យសម្បត្តិខុសច្បាប់ជាដើម ។
ទីបី ត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែង ជំរុញកិច្ចសហប្រតិបតិ្តការ លើវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម ។ ទីបួន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ធ្វើឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍វប្បធម៌ ការអប់រំ ការបណ្តុះបណ្តាល វេជ្ជសាស្ត្រ និងសុខាភិបាលជាដើម មានភាពជិតស្និទ្ធ ។ ទីប្រាំ គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ប្រើប្រាស់យន្តការចរចា ខាងបញ្ហាសមុទ្រឱ្យបានល្អ ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។ ទីប្រាំមួយ បង្កើនកិច្ចសម្របសម្រួលពហុភាគី ប្រកាន់ខ្ជាប់ពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសកល ឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍន៍ ដែលកាន់តែមានសមភាពនិងសមហេតុសមផល៕
វិទ្យុមិត្តភាពកម្ពុជាចិន




