បេសកជនពិសេសបារាំង៖ «មិនសមហេតុផល» ដែលទាមទារឱ្យលីបង់រំសាយអាវុធក្រុមហេសបូឡា ក្នុងពេលអ៉ីស្រាអែលកំពុងទម្លាក់គ្រាប់បែក

18-03-2026 20:32

(ប៉ារីស)៖ នាថ្ងៃពុធនេះ ប្រេសិតពិសេសរបស់បារាំងប្រចាំប្រទេសលីបង់ លោក Jean-Yves Le Drian បានលើកឡើងថា វាជារឿងមិនសមហេតុផលឡើយ ដែលទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើការរំសាយអាវុធក្រុមហេសបូឡា (Hezbollah) ខណៈប្រទេសនេះកំពុងរងការវាយប្រហារតាមអាកាសយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ។

ថ្លែងទៅកាន់វិទ្យុ France Info លោក Le Drian បានរំលឹកពីប្រវត្តិសាស្ត្រថា «អ៉ីស្រាអែលធ្លាប់កាន់កាប់លីបង់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅតែបរាជ័យក្នុងការកម្ទេចសមត្ថភាពយោធារបស់ក្រុមហេសបូឡា។ ដូច្នេះ ពួកគេមិនអាចមកទាមទារឱ្យរដ្ឋាភិបាលលីបង់ធ្វើកិច្ចការនេះ ក្នុងរយៈពេលត្រឹម ៣ថ្ងៃ ក្រោមការទម្លាក់គ្រាប់បែកនោះទេ»។ លោកបានសង្កត់ធ្ងន់ថា មានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយវិបត្តិដែលបានឆក់យកជីវិតមនុស្សជាង ៩០០នាក់ ក្នុងជម្លោះដែលផ្ទុះឡើងក្រោយក្រុមហេសបូឡាចូលរួមក្នុងសង្គ្រាមដើម្បីជួយអ៉ីរ៉ង់កាលពីថ្ងៃទី២ ខែមីនា។

គួរបញ្ជាក់ថា ប្រធានាធិបតីលីបង់ លោក Joseph Aoun បានបង្ហាញជំហររួចរាល់ក្នុងការបើកកិច្ចចរចាដោយផ្ទាល់ជាមួយអ៉ីស្រាអែល ប៉ុន្តែក្រុមហេសបូឡាបានច្រានចោលសំណើនេះ និងបន្តការប្រយុទ្ធ។ ខណៈរដ្ឋាភិបាលលីបង់មានគោលដៅរួមជាមួយអ៉ីស្រាអែល គឺចង់ឱ្យហេសបូឡារំសាយអាវុធ ប៉ុន្តែពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការចាត់វិធានការប្រឆាំងនឹងក្រុមនេះ អាចនឹងបង្កឱ្យមានសង្គ្រាមស៊ីវិលផ្ទៃក្នុងប្រទេស ដែលជាក្តីបារម្ភធំបំផុតមួយនៅក្នុងកាលៈទេសៈដ៏ផុយស្រួយនេះ៕