រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រមានអ៉ីរ៉ង់ថាការអត់ធ្មត់មានដែនកំណត់

19-03-2026 10:36

(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ បានព្រមានថាការអត់ធ្មត់ចំពោះ ការវាយប្រហាររបស់អ៉ីរ៉ង់លើប្រទេសរបស់លោក និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រគឺមានដែនកំណត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងមូស្លីមអំពីការវាយប្រហារលើអ៉ីរ៉ង់ក្នុងតំបន់ ព្រះអង្គម្ចាស់ Faisal ក៏បានលើកឡើងដែរថា អារ៉ាប៊ីសាអូឌីតរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងករណីចាំបាច់។ «សាររបស់យើងនៅថ្ងៃនេះគឺច្បាស់លាស់...ការវាយប្រហារលើទីក្រុងរីយ៉ាដ ខណៈក្រុមមន្ត្រីការទូត កំពុងជួបប្រជុំគ្នា ខ្ញុំជឿថាមិនមែនជារឿងចៃដន្យនោះទេ។ ក្នុងករណីចាំបាច់ យើងរក្សាសិទ្ធិប្រើប្រាស់កម្លាំងយោធា ហើយបើពេលវេលានោះមកដល់ មេដឹកនាំអារ៉ាប៊ីសាអូឌីត នឹងធ្វើការសម្រេចចិត្ត»។ នេះជាការគូសបញ្ជាក់របស់ព្រះអង្គម្ចាស់ Faisal។

គួរបញ្ជាក់ថា ការព្រមានរបស់អារ៉ាប៊ីសាអូឌីត ធ្វើឡើងក្រោយពីអ៉ីរ៉ង់កាលពីថ្ងៃពុធម្សិលមិញ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ។ អ៉ីរ៉ង់បាននិយាយថាការវាយប្រហាររបស់ខ្លួនគឺជាការសងសឹកទៅនឹងការវាយប្រហារលើរោងចក្រឧស្ម័នដ៏សំខាន់មួយរបស់ខ្លួនរងការវាយប្រហារកាលពីថ្ងៃពុធ ហើយគំរាមទៀតផងថា នឹងបង្កើនការវាយប្រហារបន្ថែមទៀត បើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនរងការវាយប្រហារជាថ្មី។

អ៉ីរ៉ង់បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័ន South Pars។ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ រីឯក្រុមមន្ត្រីអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដឹងពីការវាយប្រហារលើរោងចក្រឧស្ម័នរបស់អ៉ីរ៉ង់ តែមិនបានចូលរួមពាក់ព័ន្ធឡើយ៕