ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដែលកាន់តួនាទីជាងមួយទសវត្សរ៍ និងជាសម្ព័ន្ធមិត្តលោក Maduro
19-03-2026 13:24
(ការ៉ាកាស)៖ កាលពីថ្ងៃពុធ ទី១៨ ខែមីនា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសពីការដកតំណែង រដ្ឋមន្រ្តីការពារជាតិ លោក Vladimir Padrino Lopez ដែលបានកាន់តួនាទីនេះ អស់រយៈពេលជាង១ទសវត្សរ៍ ក្រោមមេដឹកនាំដែលត្រូវបានទម្លាក់ពីអំណាច គឺលោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Rodriguez ដែលបានឡើងជាមេដឹកនាំថ្មី បន្ទាប់ពីលោក Maduro ត្រូវបានកម្លាំងយោធាអាមេរិកចាប់ខ្លួន កាលពីខែមករា បានសម្តែងការអរគុណចំពោះការប្តេជ្ញាបំពេញតួនាទី និងភក្តីភាពរបស់លោក Lopez ចំពោះមាតុប្រទេស អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែលោកស្រីពុំបានបង្ហើបពីហេតុផល នៃការផ្លាស់ប្តូរអ្នកកាន់តំណែងដ៏សំខាន់មួយនេះឡើយ។ លោក Padrino Lopez អាយុ៦២ឆ្នាំ បានកាន់តួនាទីជារដ្ឋមន្រ្តីការពារជាតិវ៉េណេស៊ុយអេឡា ចាប់តាំងពីឆ្នាំ២០១៤ និងត្រូវបានចាត់ទុកជាសម្ព័ន្ធមិត្តសំខាន់ម្នាក់របស់លោក Maduro នៅក្នុងជួរថ្នាក់ដឹកនាំយោធា។
គួរបញ្ជាក់ថា លោកស្រី Delcy Rodriguez បានសម្រេចតែងតាំងលោក Gustavo Gonzalez ឱ្យដឹកនាំក្រសួងការពារជាតិ។ លោក Gonzalez Lopez ត្រូវបានតែងតាំងជាប្រធានកងអង្គរក្សប្រធានាធិបតី និងជានាយកទីភ្នាក់ងារទប់ស្កាត់ចារកម្ម ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការទម្លាក់លោក Maduro ពីអំណាច៕







