កូស្តារីកា កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយគុយបា ដែលកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីអាមេរិក
19-03-2026 14:39
(សាន់ហ្សូស៊េ)៖ កាលពីថ្ងៃពុធ ទី១៨ ខែមីនា ប្រទេសកូស្តារីកាបានប្រកាសកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសគុយបា ហើយប្រធានាធិបតីកូស្តារីកា លោក Rodrigo Chaves បានប្រកាសថា របបកុម្មុយនីស្តចាំបាច់ត្រូវតែបោសសំអាតចេញពីក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កូស្តារីកាបាននិយាយថា ស្ថានទូតរបស់ខ្លួននៅទីក្រុងឡាហាវ៉ាន់ នឹងត្រូវបិទទ្វារ ហើយបានប្រាប់ឱ្យគុយបាដកបុគ្គលិកទូតរបស់ខ្លួន ចេញពីទីក្រុងសាន់ហ្សូស៊េ ដែលជារដ្ឋធានីរបស់ប្រទេសកូស្តារីកា។ លោក Chaves បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ប្រទេសរបស់លោកមិនអាចទទួលស្គាល់ ភាពស្របច្បាប់នៃរបបកុម្មុយនីស្តនៅគុយបាបានឡើយ ដោយសារការគាបសង្កត់ធ្វើបាប និងការបណ្តោយឱ្យប្រជាជនគុយបាជិត១០លាននាក់ រងទុក្ខវេទនា នាពេលសព្វថ្ងៃ។
មេដឹកនាំកូស្តារីកា កំពុងត្រូវរ៉ូវគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្កើនការគំរាមកំហែងចង់ផ្តួលរំលំរបបដឹកនាំនៅគុយបា ហើយធ្វើការបិទខ្ទប់លំហូរថាមពលប្រឆាំងប្រទេសដែនកោះមួយនេះ។ កូស្តារីកា កំពុងដើរតាមជំហានរបស់សម្ព័ន្ធមិត្តមួយទៀតរបស់លោក ត្រាំ នៅក្នុងតំបន់ គឺអេក្វាទ័រដែលកាលពីថ្ងៃទី៤ ខែមីនា បានបណ្តេញឯកអគ្គរដ្ឋទូតគុយបា ក្រោមហេតុផលលូកលាន់កិច្ចការផ្ទៃក្នុង។
គួរបញ្ជាក់ថា កូស្តារីកានិងអេក្វាទ័រ ស្ថិតក្នុងចំណោមក្រុមប្រទេសអាមេរិកឡាទីន ដែលនាពេលថ្មីៗនេះ ទើបតែបានបង្កើតសម្ព័ន្ធភាពជាមួយលោក ត្រាំ ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរគ្រឿងញៀន ដោយប្រើប្រាស់កងកម្លាំងយោធា៕







