ចារកម្មអាមេរិកវាយតម្លៃថា ចិនមិនមានផែនការវាយប្រហារតៃវ៉ាន់ នៅឆ្នាំ២០២៧ទេ

19-03-2026 15:39

(វ៉ាស៉ីនតោន)៖ របាយការណ៍ប្រចាំឆ្នាំរបស់ចារកម្មសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមីនា បានវាយតម្លៃថា ចិននាពេលនេះពុំមានផែនការវាយប្រហារលើតៃវ៉ាន់ នៅឆ្នាំក្រោយឡើយ ប៉ុន្តែកំពុងបន្តព្យាយាមចង់គ្រប់គ្រងតៃវ៉ាន់ ដោយមិនប្រើប្រាស់​កម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមរបាយការណ៍ខាងលើ សហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក វាយតម្លៃថា ថ្នាក់ដឹកនាំចិននាពេលបច្ចុប្បន្នពុំមានផែនការ ដើម្បីបើកការវាយលុកលើកោះតៃវ៉ាន់នៅឆ្នាំ២០២៧ទេ ហើយក៏មិនមានពេលវេលាកំណត់ជាក់លាក់ ដើម្បីសម្រេចគោលដៅនេះដែរ។ កាលពីឆ្នាំ២០២៥ ក្រុមមន្រ្តីនៃក្រសួងការពារជាតិអាមេរិក ធ្លាប់បានលើកឡើងថា ២០២៧ អាចជាឆ្នាំដែលចិនសម្រេចវាយប្រហារតៃវ៉ាន់។

របាយការណ៍ដដែល បានបន្ថែមថា ក្នុងឆ្នាំ២០២៦នេះ ទីក្រុងប៉េកាំងប្រហែលនឹងបន្តព្យាយាមកំណត់លក្ខខណ្ឌ ដើម្បីបង្រួបបង្រួម​ជាមួយតៃវ៉ាន់ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងយោធា។ របាយការណ៍បាននិយាយទៀតថា ចិននឹងត្រូវពិចារណាលើកត្តាជាច្រើន ក្នុងការសម្រេចចិត្តណាមួយដើម្បីវាយតៃវ៉ាន់ រួមមានទាំងការត្រៀមលក្ខណៈនៃយោធារបស់ខ្លួន នយោបាយនៅតៃវ៉ាន់ និងសំណួរថាតើទីក្រុងវ៉ាស៉ីនតោន នឹងធ្វើអន្តរាគមន៍ដែរឬអត់។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែគឺជាខ្នងបង្អែកយោធាធំបំផុតរបស់ទីក្រុងតៃប៉ិ ប៉ុន្តែសំឡេងនៃការគាំទ្រនោះ ហាក់បានថយចុះបន្តិច នៅក្រោមអាណត្តិទី២របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ស្តារទំនាក់ទំនងឱ្យប្រសើរឡើងជាមួយចិន៕