បារាំងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មី ដោយដាក់ឈ្មោះតាមចលនាតស៊ូ សម័យសង្រ្គាមលោកលើកទីពីរ
19-03-2026 16:56
(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងថា នាវាចម្បាំងថ្មីមួយគ្រឿងរបស់បារាំង នឹងដាក់ឈ្មោះ «Free France» ខណៈទីក្រុងប៉ារីសកំពុងជំរុញកម្មវិធី ១០.២ពាន់លានអឺរ៉ូ ឬ ១២ពាន់លានដុល្លារ ដើម្បីជំនួសនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle ដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានអាយុកាលចាស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦។
Free France ជាឈ្មោះនៃចលនាតស៊ូរបស់បារាំង ក្នុងសង្គ្រាមលោកលើកទីពីរ។ ការប្រកាសរបស់លោក Macron ធ្វើឡើងអំឡុងពេលទស្សនកិច្ច ទៅកាន់ការដ្ឋានសាងសង់ នៅក្នុងទីក្រុង Indre ភាគខាងលិចប្រទេសបារាំង ជាទីដែលក្រុមហ៊ុនរដ្ឋ Naval Group ចាប់ផ្តើមការងារសាងសង់។
ក្រោយធ្វើតេស្តជាក់ស្តែងលើសមុទ្រនៅឆ្នាំ ២០៣៦ នាវាថ្មីនេះនឹងដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០៣៨ នៅពេលដែលនាវា Charles de Gaulle ចូលនិវត្តន៍។ Free France ដែលមានប្រវែង ៣១០ម៉ែត្រ បំពាក់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនពី នឹងរក្លាយជានាវាចម្បាំងធំជាងគេដែលសាងសង់នៅអឺរ៉ុប។ ក្រៅពីយន្តហោះចម្បាំង វាក៏នឹងរួមបញ្ចូលបច្ចេកវិទ្យាយន្តហោះដ្រូនទំនើបចុងក្រោយបំផុតផងដែរ។
នាវានេះគឺជាស្នូលនៃឆ័ត្រនុយក្លេអ៊ែរបារាំង និងកិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការពង្រឹងស្វ័យការពារជាតិ។ បារាំង គឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់ របស់សហភាពអឺរ៉ុប ហើយស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបមួយចំនួនតូច ដែលមាននាវាផ្ទុកយន្តហោះចម្បាំង៕







