អ៉ីរ៉ង់អំពាវនាវឱ្យមានការសម្របសម្រួលក្នុងតំបន់ និងព្រមានពី «ដំណាក់កាលថ្មី» នៃសង្គ្រាមថាមពល (Video inside)
19-03-2026 20:08
(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានអំពាវនាវឱ្យប្រទេសតួកគី អេហ្ស៊ីប និងប៉ាគីស្ថាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការសម្របសម្រួលគ្នាជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដែលលោកចាត់ទុកថាជាសកម្មភាព «បង្កជម្លោះ និងធ្វើឱ្យតំបន់ទាំងមូលអស្ថិរភាព»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីអ៉ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលពាក់ព័ន្ធនឹងអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំងទីក្រុងឧស្សាហកម្ម Ras Laffan របស់កាតា ដែលជាមជ្ឈមណ្ឌលឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតរបស់ពិភពលោក។ អ្នកនាំពាក្យទីបញ្ជាការយោធាអ៉ីរ៉ង់ លោក Ebrahim Zolfaqari បានព្រមានថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ កាលពីថ្ងៃពុធ បាននាំមកនូវ «ដំណាក់កាលថ្មីនៃសង្គ្រាម»។
លោក Zolfaqari បានគំរាមយ៉ាងដាច់អហង្ការថា៖ «ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើងរងការវាយប្រហារម្តងទៀត នោះការវាយប្រហារសងសឹកទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកអ្នក និងសម្ព័ន្ធមិត្តនឹងមិនឈប់ឈរឡើយ រហូតទាល់តែវាត្រូវបានកម្ទេចចោលទាំងស្រុង។ ការឆ្លើយតបរបស់យើង នឹងមានភាពឃោរឃៅជាងនេះទៅទៀត»។
គួរបញ្ជាក់ថា ជម្លោះនេះកំពុងក្លាយជាសង្គ្រាមថាមពលដ៏កាចសាហាវបំផុត ដោយអ៉ីរ៉ង់បានប្រើប្រាស់យុទ្ធសាស្ត្របំផ្លាញមជ្ឈមណ្ឌលសេដ្ឋកិច្ច ដែលមានទំនាក់ទំនងនឹងអាមេរិក ដើម្បីជាការសងសឹកនឹងការវាយប្រហារលើកន្លែងស្តុកប្រេង និងឧស្ម័នរបស់ខ្លួននៅតំបន់ South Pars និង Asaluyeh៕




