ប្រព័ន្ធផ្សព្វផ្សាយ៖ ដាណឺម៉ាក និងសម្ព័ន្ធមិត្ត បានបញ្ជូនទ័ពទៅ Greenland ដោយក្តីបារម្ភអំពីមហិច្ឆតារបស់សហរដ្ឋអាមេរិក (Video inside)

20-03-2026 10:50

(កូប៉ិនហាក)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ដាណឺម៉ាក បានរាយការណ៍ថា ដាណឺម៉ាក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ពង្រាយកងទ័ពទៅកាន់ Greenland នៅក្នុងខែមករា ដោយសារតែខ្លាចការឈ្លានពានពីសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងកើនបានកើនឡើងយ៉ាងខ្លាំង ជុំវិញការប៉ុនប៉ងដើម្បីគ្រប់គ្រងកោះនេះ។ នេះបើយោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ​ ទី២០ ខែមីនា ឆ្នាំ ២០២៦។

តាមទូរទស្សន៍ និងវិទ្យុដាណឺម៉ាក DR មានបទបញ្ជាប្រតិបត្តិយោធាមួយ ចុះថ្ងៃទី១៣ ខែមករា សម្រាប់បម្រើជាមូលដ្ឋាននៃការដាក់ពង្រាយកងកម្លាំងដាណឺម៉ាក នៅក្នុងទឹកដីស្វយ័តរបស់ដាណឺម៉ាក។ បទបញ្ជានោះពណ៌នា​អំពី​ប្រតិបត្តិការ​មួយ​ដើម្បីការពារ​ Greenland ភ្លាមៗ​ក្រោយប្រតិបត្តិការយោធា​អាមេរិក​នៅ​វ៉េណេស៊ុយអេឡា ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។

មន្ត្រីយោធាដាណឺម៉ាកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ DR ថា «នៅពេលលោក ត្រាំ និយាយគ្រប់ពេលថាចង់ទិញ Greenland ហើយបន្ទាប់មកយើងឃើញនូវអ្វីដែលបានកើតឡើងនៅវ៉េណេស៊ុយអេឡា យើងត្រូវតែយកចិត្តទុកដាក់ចំពោះសេណារីយ៉ូដែលអាចកើតមានទាំងអស់»

ក្រោម​បេសកម្មធ្វើសមយុទ្ធ​របស់​អង្គការ​ណាតូ ហៅថា​ Arctic Endurance កងវរសេនាធំ​ដាណឺម៉ាក និង​កងកម្លាំង​ពិសេស​ត្រូវ​បាន​បញ្ជូន​ទៅ​ Greenland រួម​ទាំង​ទ័ពពិសេសថ្មើរជើង​​របស់​បារាំង ​ទាហាន​អាល្លឺម៉ង់ និង​ស៊ុយអែត​ផង​ដែរ។

បើតាមមន្រ្តីយោធាដដែល វាជាការដាក់ពង្រាយកម្លាំងយ៉ាងពិតប្រាកដ មិនមែនជាលំហាត់សមយុទ្ធឡើយ។ យោធា ឬរដ្ឋាភិបាលដាណឺម៉ាក ឬរដ្ឋាភិបាល Greenland មិនទាន់ធ្វើអត្ថាធិប្បាយជុំសេចក្តីរាយការណ៍នេះទេ៕