ក្រោយជួបភាគីលីបង់ រដ្ឋមន្រ្តីការបរទេសបារាំង ធ្វើដំណើរទៅអ៉ីស្រាអែល ក្នុងគោលបំណងសម្របសម្រួលជម្លោះ (Video inside)

20-03-2026 11:50

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង នឹងទៅកាន់ប្រទេសអ៉ីស្រាអែល នាថ្ងៃសុក្រ ទី២០ ខែមីនា ក្នុងដំណើរដែលមិនបានគ្រោងទុក បន្ទាប់ពីទស្សនកិច្ចនៅទីក្រុងបេរូត កាលពីថ្ងៃព្រហស្បតិ៍ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងធានាបាននូវបទឈប់បាញ់សម្រាប់លីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង លោក Jean-Noel Barrot នឹងពិភាក្សាជាមួយអាជ្ញាធរអ៉ីស្រាអែល អំពីបញ្ហាសន្តិសុខតំបន់ និងជំនួយមនុស្សធម៌ ព្រមទាំងការប៉ុនប៉ងបន្ថយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

ក្នុងពេលជួប លោក Barrot កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានបង្ហាញឆន្ទៈដើម្បីចរចាផ្ទាល់ជាមួយអ៉ីស្រាអែល។ អ៉ីស្រាអែលបានបើកការវាយប្រហារលើលីបង់សារជាថ្មី បន្ទាប់ពីការបាញ់ផ្លោងរបស់ក្រុមហេសបូលឡា នៅថ្ងៃទី២ ខែមីនា ជាការសងសឹកចំពោះអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់។

បារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយលីបង់ ហើយបានរួមគ្នាជាមួយសហរដ្ឋអាមេរិក ស្វែងរកការសម្របសម្រួលក្នុងជម្លោះនេះ។ លោក Barrot ក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រួចហើយដែរ មុនពេលទៅកាន់លីបង់៕