រដ្ឋមន្រ្តីការបរទេសចិនប្រាប់សមភាគីអង់គ្លេស៖ ប្រទេសទាំងពីរ មានទំនួលខុសត្រូវក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ (Video inside)

20-03-2026 13:25

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីចក្រភពអង់គ្លេស ថាប្រទេសទាំងពីរ មានទំនួលខុសត្រូវក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ហើយលោកបានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ សម្រាប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អំឡុងកិច្ចសន្ទនាទូរសព្ទ លោក Wang បានប្រាប់រដ្ឋមន្រ្តីការបរទេសអង់គ្លេស​លោកស្រី Yvette Cooper ថា ប្រទេសទាំងពីរ គួរតែធ្វើសកម្មភាពឱ្យជាប់លាប់ ដែលជាប្រយោជន៍សម្រាប់សន្តិភាព ហើយពួកគេគួរធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការខូចខាតថែមទៀត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ និងភាពសឹករេចរឹលនៃមូលដ្ឋានសន្តិភាពពិភពលោក។ លោក Wang បានសង្កត់ធ្ងន់ថា ជម្លោះអូសបន្លាយ នឹងមិនមានអ្នកឈ្នះទេ។

កន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការខកចិត្តចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer ជុំវិញអ្វីដែលលោកចាត់ទុកថាជា ភាពខ្វះការគាំទ្ររបស់ទីក្រុងឡុងដ៍នៅក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ កាលពីថ្ងៃចន្ទ លោក Starmer បាននិយាយថា ចក្រភពអង់គ្លេស កំពុងធ្វើសកម្មភាពចាំបាច់ ដើម្បីការពារខ្លួននិងសម្ព័ន្ធមិត្ត តែនឹងមិនបណ្តោយ​ឱ្យធ្លាក់ចូលក្នុងសង្រ្គាមរីករាលដាលឡើយ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង គឺជាដៃគូសំខាន់មួយរបស់អ៉ីរ៉ង់ ដែលបាននិងកំពុងស្ថិតក្នុងសង្រ្គាមជាមួយអាមេរិកនិងអ៉ីស្រាអែល ចាប់តាំងពីចុងខែមុន ប៉ុន្តែបានរិះគន់ ការវាយប្រហារសងសឹករបស់ទីក្រុងតេហរ៉ង់ លើបណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក។ ទោះជាបែបនេះក្តី កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានថ្កោលទោស ការសម្លាប់ប្រធានក្រុមប្រឹក្សាសន្តិសុខកំពូលរបស់អ៉ីរ៉ង់ លោក Ali Larijani ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដោយចាត់ទុកថា វាជាទង្វើមិនអាចទទួលយកបាន៕