រដ្ឋាភិបាលវៀតណាម ប្រកាសដំឡើងតម្លៃប្រេងសាំង២០ភាគរយ និងម៉ាស៊ូតជាង៣០ភាគរយ (Video inside)
20-03-2026 13:55
(ហាណូយ)៖ តម្លៃប្រេងឥន្ធនៈបានកើនថែមទៀតនៅប្រទេសវៀតណាម នាថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដំឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ ចំពោះមុខការភ័យព្រួយអំពីការខ្វះខាតប្រេងនិងឧស្ម័ន ដោយសារតែសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។
បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ នូវការហក់ឡើងខ្ពស់នៃតម្លៃប្រេងម៉ាស៊ូត ក្រោយមានការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅប្រទេសអ៉ីរ៉ង់ និងរដ្ឋឈូងសមុទ្រអារ៉ាប់ អំឡុងសង្រ្គាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។
កាលពីវេលាយប់មុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាម បានប្រកាសដំឡើងតម្លៃប្រេងសាំងធម្មតា ២០ភាគរយ គឺដល់៣០ ៦៩០ដុង ឬស្មើនឹង១.២០ដុល្លារក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងជិត៣៤ភាគរយ ដល់៣៣ ៤២០ដុង។ ប្រការនេះធ្វើឱ្យតម្លៃសាំងកើនជាង៥០ភាគរយ និងម៉ាស៊ូតជាង៧០ភាគរយ នៅក្នុងប្រទេសវៀតណាម គិតតាំងពីជម្លោះផ្ទុះឡើង កាលពីចុងខែកុម្ភៈមក។
ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយថា ការដំឡើងថ្លៃនេះ គឺដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា ការគ្រប់គ្រងរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ ទោះជាបែបនេះក្តី ក្រុមមន្រ្តីវៀតណាម បានអះអាងថា ប្រទេសអាស៊ានមួយនេះ អាចធានាការប្រើប្រាស់ប្រេងនិងឧស្ម័នគ្រប់គ្រាន់នៅក្នុងស្រុក រហូតដល់ដំណាច់ខែមេសា។
គួរបញ្ជាក់ថា ទន្ទឹមគ្នា នៅមីយ៉ាន់ម៉ា តម្លៃប្រេងសាំងបានកើនប្រហែល៣០ភាគរយ គិតត្រឹមពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រនេះ ខណៈថៃក៏បានមើលឃើញតម្លៃប្រេងឥន្ធនៈកើនឡើងផងដែរ ក្នុងសប្តាហ៍នេះ ស្របពេលរដ្ឋាភិបាល បានប្រកាសតម្លៃប្រេងម៉ាស៊ូតខ្ពស់ជាងមុន កាលពីថ្ងៃពុធ៕




