បន្ទាប់ពីបាញ់កាំភ្លើង កូរ៉េខាងជើងបង្ហាញរូបភាពកូនស្រីលោក គីម ជុងអ៊ុន បើករថក្រោះស៊េរីថ្មីជាមួយឪពុក
20-03-2026 14:23
(ព្យុងយ៉ាង)៖ នាថ្ងៃសុក្រ ទី២០ ខែមីនា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បាននាំកូនស្រីវ័យជំទង់របស់លោក ត្រួតពិនិត្យការធ្វើសមយុទ្ធយោធាធំមួយ ដែលបង្ហាញពីសមត្ថភាពរថក្រោះស៊េរីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈរូបភាពបង្ហាញពីព្រឹត្តិការណ៍សមយុទ្ធនោះ គេសង្កេតឃើញកូនស្រីលោក គីម ដែលមានឈ្មោះ Ju Ae និងអាយុប្រហែល១៣ឆ្នាំ អង្គុយនៅកន្លែងអ្នកបើកបររថក្រោះ១គ្រឿង ហើយឪពុករបស់នាង អង្គុយនៅលើរថក្រោះក្បែរគ្នា។ ប៉ុន្មានខែចុងក្រោយនេះ Ju Ae បានបង្ហាញវត្តមានជាសាធារណៈកាន់តែញឹកញាប់ឡើងៗ ជាមួយឪពុក។ កន្លងទៅក្នុងខែនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានបង្ហាញរូបភាព Ju Ae បាញ់កាំភ្លើងស៉ីប និងកាំភ្លើងខ្លីផងដែរ អំឡុងព្រឹត្តិការណ៍សាធារណៈជាមួយលោក គីម ជុងអ៊ុន។ បើតាមប្រភពចារកម្មកូរ៉េខាងត្បូង Ju Ae អាចកំពុងទទួលការបណ្តុះបណ្តាល ដើម្បីក្លាយជាមេដឹកនាំបន្តវេនពីលោក គីម នាពេលអនាគត។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការធ្វើសមយុទ្ធបង្ហាញរថក្រោះស៊េរីថ្មីមួយ ដែលត្រូវបានអះអាងថា មានសមត្ថភាពប្រយុទ្ធខ្ពស់ ហើយអាចការពារប្រឆាំងដ្រូននិងមីស៉ីល។ ជាច្រើនឆ្នាំមកនេះ លោក គីម បានខិតខំប្រឹងប្រែងធ្វើទំនើបកម្មសព្វាវុធទូទៅរបស់ប្រទេសកូរ៉េខាងជើង រួមមានទាំងមីស៉ីលតាកទិក ព្រមទាំងការអភិវឌ្ឍសព្វាវុធយុទ្ធសាស្រ្ត ដែលរួមមានមីស៉ីលបាលិស្ទីគចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ៕







