អាមេរិក ពិចារណាលុបចោលទណ្ឌកម្មលើប្រេងអ៉ីរ៉ង់ដែលជាប់នៅសមុទ្រ ទោះកំពុងធ្វើសង្រ្គាមប្រឆាំងគ្នា (Video inside)

20-03-2026 14:46

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ ប្រហែលអាចលុបចោលទណ្ឌកម្មលើប្រេងអ៉ីរ៉ង់ ដែលជាប់គាំងនៅតាមកប៉ាល់ដឹកប្រេង ដើម្បីជួយបង្កើនការផ្គត់ផ្គង់សកល និងទប់ទល់ការកើនឡើងតម្លៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News លោក Bessent បានលើកឡើងដូច្នេះថា «នៅប៉ុន្មានថ្ងៃខាងមុខ យើងអាចនឹង​ដកទណ្ឌកម្មចេញពីប្រេងរបស់អ៉ីរ៉ង់ ដែលនៅលើផ្ទៃសមុទ្រ។ វាមានចំនួនប្រមាណ១៤០លានបារ៉ែល ដូច្នេះហើយអាស្រ័យលើការរាប់ ចំនួននេះអាចស្មើនឹងការផ្គត់ផ្គង់ចន្លោះពី១០ថ្ងៃ ទៅ២សប្តាហ៍»

លោក Bessent បាននិយាយថា ការបន្ថែមប្រេងជាប់ទណ្ឌកម្មរបស់អ៉ីរ៉ង់ចូលទៅក្នុងទីផ្សារផ្គត់ផ្គង់អន្តរជាតិ នឹងជួយទប់ទល់មិនឱ្យ​តម្លៃប្រេងកើនឡើង សម្រាប់រយៈពេល១០ទៅ១៤ថ្ងៃ។ ភាគច្រើននៃរយៈពេល២សប្តាហ៍កន្លងមកនេះ តម្លៃប្រេងបានស្ថិតនៅខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែអ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz ដ៏សំខាន់ ចំពោះមុខសង្រ្គាមជាមួយអាមេរិកនិង​អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានចាត់វិធានការស្រដៀងគ្នាដែរ ដោយអនុញ្ញាតជាបណ្តោះអាសន្ន ​ចំពោះការលក់ប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៉ី ដែលជាប់គាំងក្នុងកប៉ាល់លើផ្ទៃសមុទ្រ និងដែលលោក Bessent បាននិយាយថា បានបន្ថែមប្រហែល១៣០លានបារ៉ែន ចូលទៅក្នុងការផ្គត់ផ្គង់របស់ពិភពលោក៕