លោក ណេតាន់យ៉ាហ៊ូ ថាការវាយប្រហារលើវាលអណ្តូងឧស្ម័នអ៉ីរ៉ង់ មិនពាក់ព័ន្ធជាមួយអាមេរិក និងមិនបានអូសទាញ លោក ត្រាំ ឱ្យធ្លាក់ចូលទៅក្នុងជម្លោះ (Video inside)

20-03-2026 15:10

(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៉ីរ៉ង់កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយក៏នរណាជាអ្នកខុសក៏មិនប្រាកដដែរ ដ្បិតសាធារណរដ្ឋអ៉ីស្លាមមួយនេះ បន្តវាយប្រហារលើគោលដៅប្រេង និងឧស្ម័ននៅតំបន់ឈូងសមុទ្រ ដែលធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦។

លោក ណេតាន់យ៉ាហ៊ូ បានសាទរកិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការទទូចថា អ៉ីស្រាអែលធ្វើសកម្មភាពតែឯងប៉ុណ្ណោះ ពាក់ព័ន្ធការវាយប្រហារកាលពីថ្ងៃពុធ លើវាលអណ្តូងឧស្ម័នអ៉ីរ៉ង់ South Pars ដែលផ្គត់ផ្គង់ប្រហែល ៧០ភាគរយនៃតម្រូវការក្នុងស្រុករបស់អ៉ីរ៉ង់។ លោក ណេតាន់យ៉ាហ៊ូ បានបដិសេធនូវការលើកឡើងដែលថា លោកបានអូសទាញលោក ត្រាំ ឱ្យចូលរួមក្នុងជម្លោះ ដោយលើកជាសំណួរថា «តើគ្រប់គ្នាពិតជាគិតថា មានអ្នកហ៊ានប្រាប់ប្រធានាធិបតី ត្រាំ ពីអ្វីដែលត្រូវធ្វើបានទេ? គាត់ (លោក ត្រាំ) មិនត្រូវការការបញ្ចុះបញ្ចូលណាមួយឡើយ»

គួរបញ្ជាក់ថា សង្គ្រាមមជ្ឈិមបូព៌ា ដែលបង្កឡើងដោយអ៉ីស្រាអែល និងសហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បានចូលដល់សប្តាហ៍ទី ៣ហើយ។ ភាគីប្រយុទ្ធកំពុងដាក់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល។ ដោយមិនផ្តល់ហេតុផលច្បាស់លាស់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា សង្រ្គាមនេះនឹងចប់ទៅវិញ ឆាប់ជាងគ្រប់គ្នាគិត៕