ទីភ្នាក់ងារថាមពលអន្តរជាតិ លើកសំណើធ្វើការតាមអនឡាញ និងចៀសវាងធ្វើដំណើរផ្លូវអាកាស ដើម្បីដោះស្រាយបញ្ហាសាំងឡើងថ្លៃ (Video inside)

20-03-2026 15:41

(ប៉ារីស)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលទើបយល់ស្របលើការបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្ត ពីសំណាក់ប្រទេសនានា ដើម្បីទប់ទល់នឹងតម្លៃថាមពលខ្ពស់ នៅថ្ងៃសុក្រនេះ បានលើកសំណើថ្មីមួយទៀត ដើម្បីបន្ធូរបន្ថយសម្ពាធលើអ្នកប្រើប្រាស់ នោះគឺការអនុញ្ញាតឱ្យធ្វើការងារតាមប្រព័ន្ធអនឡាញ និងចៀសវាងការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែមីនា​ ឆ្នាំ ២០២៦។

IEA និយាយថា សំណើរបស់ខ្លួនគឺជាសកម្មភាពដែលរដ្ឋាភិបាល អាជីវកម្ម និងគ្រួសារអាចធ្វើបាន ដើម្បីបន្ថយសម្ពាធសម្រាប់អ្នកប្រើប្រាស់។ សំណើនេះរួមមាន ការធ្វើការពីផ្ទះ កាត់បន្ថយដែនកំណត់ល្បឿនលើផ្លូវហាយវេយ៉ាងហោចណាស់ ១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចៀសវាងការធ្វើដំណើរតាមផ្លូវអាកាស ប្រសិនបើមានមធ្យោបាយធ្វើដំណើរផ្សេង។

ប្រធានប្រតិបត្តិនៃ IEA លោក Fatih Birol បញ្ជាក់ថា «យើងបានដាក់ឱ្យ​មានការ​បញ្ចេញ​ស្តុក​ប្រេង​បន្ទាន់របស់សមាជិក IEA ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មានរួចហើយ។ វិធានការ​បន្ទាន់ និង​ជាក់ស្តែង​ដែល​អាច​អនុវត្ត​បានបន្ថែមទៀត នោះគឺ​តត្រូវការឱ្យ​​រដ្ឋាភិបាល អាជីវកម្ម និង​គ្រួសារ​នានា ចូលរួមជួយការពារអ្នកប្រើប្រាស់​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ»

គួរបញ្ជាក់ថា សង្គ្រាម​អាមេរិក-អ៉ីស្រាអែល​ជាមួយ​អ៉ីរ៉ង់ ​បាន​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​កើនឡើង ដែល​បង្ក​ឱ្យមាន​ក្តីបារម្ភ​អំពី​អតិផរណា​ទូទាំង​ពិភពលោក៕