ក្រុមហ៊ុនថាមពលរដ្ឋកាតា បាត់បង់សមត្ថភាពនាំចេញឧស្ម័ន LNG ចំនួន ១៧ភាគរយ ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ (Video inside)
20-03-2026 16:52
(ដូហា)៖ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឱ្យប្រទេសកាតា បាត់បង់សមត្ថភាពនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១៧ភាគរយ បង្កការខាតប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ២០ពាន់លានដុល្លារ និងគំរាមកំហែងដល់ការផ្គត់ផ្គង់ទៅកាន់តំបន់អឺរ៉ុប និងអាស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦។
រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការថាមពល និងជានាយកប្រតិបត្តិ QatarEnergy ដែលជាក្រុមហ៊ុនថាមលពលរដ្ឋកាតា លោក Saad al-Kaabi បាននិយាយថា ទូស្តុកឧស្ម័ន LNG ពីរក្នុងចំណោម ១៤របស់កាតា និងរោងចក្របំលែងឧស្ម័នទៅជាសារធាតុរាវ (GTL) មួយក្នុងចំណោមពីររបស់ខ្លួន បានរងការខូចខាត ហើយការជួសជុលឡើងវិញ នឹងបន្ថយលទ្ធភាពផលិតឧស្ម័ន LNG ចំនួន ១២.៨លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលពី ៣ទៅ ៥ឆ្នាំ។
លោក Kaabi បន្ថែមថា ក្រុមហ៊ុននឹងត្រូវបង្ខំចិត្តប្រកាសកុងត្រាឡើងវិញ សម្រាប់កុងត្រាផ្គត់ផ្គង់ឧស្ម័ន LNG រយៈពេល ៥ឆ្នាំ ជាមួយអ៉ីតាលី បែលហ្ស៉ិក កូរ៉េខាងត្បូង និងចិន ដោយសារតែការបំផ្លាញទូរឧស្ម័នពីរគ្រឿងនោះ។
អ៉ីរ៉ង់បានកំណត់គោលដៅវាយប្រហារជាបន្តបន្ទាប់ ទៅលើទីតាំងប្រេង និងឧស្ម័ននៅតំបន់ឈូងសមុទ្រ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់ខ្លួន។ តាមលោក Kaabi ទំហំនៃការខូចខាតពីការវាយប្រហារ បានធ្វើឱ្យសមត្ថភាពតំបន់ថយក្រោយពី ១០ទៅ ២០ឆ្នាំមុនវិញ៕







