ស្វីស​​​ផ្អាកការនាំចេញអាវុធទៅកាន់សហរដ្ឋអាមេរិក ដោយសារតែសង្គ្រាមនៅអ៉ីរ៉ង់ ដោយលើកឡើងពីអព្យាក្រឹតភាព (Video inside)

20-03-2026 19:57

(ប៊ែរន)៖ នាថ្ងៃសុក្រ រដ្ឋាភិបាលប្រទេសស្វីស បានប្រកាសថា ខ្លួននឹងមិនចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុននានាក្នុងការនាំចេញអាវុធទៅកាន់សហរដ្ឋអាមេរិកនោះទេ ដោយសារតែការចូលរួមរបស់អាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់ ដែលផ្ទុយពីគោលនយោបាយអព្យាក្រឹតភាពដ៏តឹងរ៉ឹងរបស់ស្វីស។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្វីស បានបញ្ជាក់យ៉ាងច្បាស់ថា «ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់ប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិជាមួយអ៉ីរ៉ង់ មិនអាចអនុញ្ញាតឱ្យមានឡើយ ក្នុងអំឡុងពេលដែលសង្គ្រាមកំពុងបន្ត»។ ក្រសួងការបរទេសស្វីសបានបន្ថែមថា ចាប់តាំងពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក គឺមិនមានអាជ្ញាប័ណ្ណនាំចេញអាវុធថ្មីណាមួយ ត្រូវបានផ្តល់ជូនសហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលស្វីសអនុវត្តគោលការណ៍នេះ។ កាលពីឆ្នាំ២០០៣ អំឡុងសង្គ្រាមឈ្លានពាននៅអ៉ីរ៉ាក់ ស្វីសក៏ធ្លាប់បានហាមឃាត់ជើងហោះហើរយោធាឆ្លងកាត់ដែនអាកាសខ្លួន និងផ្អាកការនាំចេញអាវុធទៅកាន់ប្រទេសដែលពាក់ព័ន្ធនឹងសង្គ្រាមផងដែរ។ កាលពីចុងសប្តាហ៍មុន រដ្ឋាភិបាលស្វីសក៏បានបដិសេធសំណើរបស់អាមេរិកចំនួន ២ ដែលស្នើសុំហោះហើរយោធាឆ្លងកាត់ដែនអាកាសស្វីស ដើម្បីចូលរួមក្នុងសង្គ្រាមនៅអ៉ីរ៉ង់ ដោយលើកឡើងពីច្បាប់អព្យាក្រឹតភាពរបស់ខ្លួន។ ដោយឡែក ចំពោះអ៉ីស្រាអែលវិញ ស្វីសមិនបានចេញអាជ្ញាប័ណ្ណនាំចេញអាវុធណាមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះឡើយ៕