ប្រព័ន្ធផ្សព្វផ្សាយ៖ ជប៉ុន នឹងអាចដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ចំពោះមុខសង្រ្គាមអ៉ីរ៉ង់ (Video inside)
21-03-2026 20:34
(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ថាអ៉ីរង់ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យកប៉ាល់ពាក់ព័ន្ធនឹងជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២៦។
សារព័ត៌មាន Kyodo រាយការណ៍ថា លោក Araqchi បានប្រាប់បទសម្ភាសន៍តាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ថាទីក្រុងតេហេរ៉ង់បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងតូក្យូ រួមទាំងជាមួយរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi អំពីលទ្ធភាពនៃការឆ្លងកាត់ច្រកសមុទ្រមួយនេះ។
ជប៉ុនទទួលបានប្រហែល ៩០ភាគរយនៃការដឹកជញ្ជូនប្រេងនាំចូលតាមច្រកសមុទ្រ Hormuz ដែលទីក្រុងតេហេរ៉ង់បានបិទខ្ទប់អំឡុងពេលនៃសង្រ្គាមជាមួយអាមេរិក និងអ៉ីស្រាអែល។ ការកើនឡើងនៃតម្លៃប្រេងពិភពលោកបង្កឡើងដោយសង្រ្គាមដែលបានឈានចូលដល់សប្តាហ៍ទី ៤ ជំរុញឱ្យជប៉ុន និងប្រទេសដទៃទៀតបញ្ចេញប្រេងបម្រុងរបស់ពួកគេ។
ជុំវិញព័ត៌មាននេះក្រសួងការបរទេស និងពាណិជ្ជកម្មជប៉ុន ក៏ដូចជាការិយាល័យនាយករដ្ឋមន្ត្រី មិនបានលើកទូរស័ព្ទពី Reuters ដេីម្បីសុំការបញ្ជាក់នោះទេនៅថ្ងៃសៅរ៍នេះ៕




