ប្រទេសចំនួន ២២ ប្រកាសរួមចំណែកការពារច្រកសមុទ្រ Hormuz ហេីយថាកំពុងរៀបចំផែនការ (Video inside)
21-03-2026 22:59
(ឌូបៃ)៖ នាថ្ងៃសៅរ៍ ទី២១ ខែមីនា ប្រទេសចំនួន ២២ បានឱ្យដឹងថាពួកគេនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៅឯច្រកសមុទ្រ Hormuz ដោយថ្កោលទោសការបិទផ្លូវទឹកដ៏សំខាន់មួយនេះពីសំណាក់អ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប្រទេសដែលភាគច្រើនជាអឺរ៉ុប ប៉ុន្តែក៏មានអេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន បានគូសបញ្ជាក់ថា «យើងសូមថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងក្លាបំផុត ចំពោះការវាយប្រហារនាពេលថ្មីៗដោយអ៉ីរ៉ង់ទៅលើនាវាពាណិជ្ជកម្មដែលគ្មានអាវុធនៅតំបន់ឈូងសមុទ្រ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីល រួមទាំងទីតាំងប្រេង និងឧស្ម័ន និងការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយកងកម្លាំងអ៉ីរ៉ង់»។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា «យើងសូមបង្ហាញការត្រៀមខ្លួនរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសមស្របមួយ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានាដែលកំពុងចូលរួមរៀបចំផែនការ»។
គួរបញ្ជាក់ថា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារលើប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន ប៉ុន្តែក៏ទៅលើនាវានៅច្រកសមុទ្រ Hormuz ផងដែរ។ ការបិទខ្ទប់ច្រកសមុទ្រ និងការវាយប្រហារជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង៕




