អ៉ីរ៉ង់៖ កប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz លើកលែងតែកប៉ាល់របស់សត្រូវ (Video inside)
22-03-2026 14:52
(ឌូបៃ)៖ តំណាងរបស់អ៉ីរ៉ង់ប្រចាំទីភ្នាក់ងារសមុទ្រអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាកប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន លើកលែងតែកប៉ាល់ដែលជាកម្មសិទ្ធិ ឬមានជាប់ពាក់ព័ន្ធនឹងសត្រូវរបស់អ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់ មិនព្រមបើកច្រកសមុទ្រនេះទាំងស្រុងឡើងវិញក្នុងពេល ៤៨ម៉ោងទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម Ali Mousavi ជាតំណាងរបស់អ៉ីរ៉ង់ តេហេរ៉ង់បានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសមុទ្រអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសមុទ្រ និងការពារ អ្នកធ្វើដំណើរតាមសមុទ្រនៅក្នុងតំបន់ឈូងសមុទ្រ។ លោកបានបន្ថែមថាកប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz លើកលែងតែជាកប៉ាល់មានជាប់ពាក់ព័ន្ធនឹងសត្រូវរបស់អ៉ីរ៉ង់ នៅក្រោមការសម្របសម្រួលសន្តិសុខ និងសុវត្ថិភាពជាមួយតេហេរ៉ង់។
គួរបញ្ជាក់ថា បើតាមលោក Ali Mousavi ការទូតនៅតែជាអាទិភាពរបស់អ៉ីរ៉ង់។ តែទោះជាបែបនេះក្ដី ការបញ្ឈប់សកម្មភាពឈ្លានពានទាំងស្រុង រួមទាំងការជឿទុកចិត្តគ្នាទៅវិញទៅមក កាន់តែជារឿង សំខាន់ទៅទៀត។ លោកបានអះអាងថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ គឺជាមូលហេតុធ្វើឱ្យច្រកសមុទ្រ Hormuz ធ្លាក់ចូលក្នុងស្ថានការណ៍ដូចសព្វថ្ងៃ៕




