វាយប្រហារលើមូលដ្ឋានទ័ពអាមេរិក-អង់គ្លេសនៅមហាសមុទ្រឥណ្ឌា តើវាបង្ហាញអ្វីពីសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់? (Video inside)

22-03-2026 15:52

(វ៉ាស៊ីនតោន)៖ ការប៉ុនប៉ងរបស់អ៉ីរ៉ង់ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក-អង់គ្លេសស្ថិតនៅចម្ងាយប្រហែល ៣០០០គីឡូម៉ែត្រពីឆ្នេររបស់ខ្លួន បានបង្កឱ្យមានការចោទសួរជាថ្មីអំពីសមត្ថភាពយោធា និងថាតើ មីស៊ីលរបស់អ៉ីរ៉ង់អាចបាញ់បានឆ្ងាយដល់ណា? កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់សំដៅទៅរកមូលដ្ឋានទ័ពរួមគ្នាមួយរបស់អាមេរិក និងអង់គ្លេស នៅលើកោះ Diego Garcia នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថាមីស៊ីលបាលិស្ទីគទាំង២គ្រាប់របស់អ៉ីរ៉ង់បានបរាជ័យដោយមិនអាចវាយប្រហារលើមូលដ្ឋានទ័ពនេះដែលត្រូវបានសាងសង់ឡើងនៅឯទីតាំងដាច់ស្រយាលមួយឆ្ងាយពីចម្ងាយបាញ់ នៃសត្រូវមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាការពិតណាស់ ការប៉ុនប៉ងវាយប្រហាររបស់អ៉ីរ៉ង់មិនទទួលបានជោគជ័យទេ តែព្រមពេលជាមួយគ្នា វាបានបង្ហាញថាតេហេរ៉ង់ប្រហែលជាមិនបានអនុវត្តតាមការដាក់កំហិត ដោយស្ម័គ្រចិត្តលើរយៈចម្ងាយមីស៊ីលត្រឹម ២០០០គីឡូម៉ែត្រនោះទេ។ នេះបានបង្កឱ្យមានការចោទសួរថាតើអ៉ីរ៉ង់អាចវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុបស្ថិតនៅឆ្ងាយជាងការគិតកន្លងមក ដែរ ឬក៏យ៉ាងណា?

អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានដាក់កំហិតលើរយៈចម្ងាយមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ត្រឹម ២០០០គីឡូម៉ែត្រប៉ុណ្ណោះ។ លោក Trita Parsi ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Quincy Institute for Responsible Statecraft បាននិយាយថាសហរដ្ឋអាមេរិកមានសុវត្ថិភាពពីការវាយប្រហារពីអ៉ីរ៉ង់។ ប៉ុន្តែលោកបានប្រាប់ CNN ថាការប៉ុនប៉ងវាយប្រហាររបស់អ៉ីរ៉ងកាលពីថ្ងៃសុក្រកន្លងទៅនេះ អាចសន្មត់បានថាមូលដ្ឋានទ័ពដទៃដែលសហរដ្ឋអាមេរិកពីមុនមកធ្លាប់គិតថាមីស៊ីលអ៉ីរ៉ង់មិនអាចបាញ់ដល់ រួមទាំងកប៉ាល់អាមេរិកស្ថិតនៅឆ្ងាយ៣០០០គីឡូម៉ែត្រ ប្រហែលជានឹងស្ថិតក្នុងរយៈចម្ងាយបាញ់របស់អ៉ីរ៉ង់ នៅថ្ងៃណាមួយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិក ក្នុងឆ្នាំ២០២៥ បានវាយតម្លៃអ៉ីរ៉ង់អាចនឹងអភិវឌ្ឍបានមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM​ នៅឆ្នាំ២០៣៥ ប្រសិនបើតេហេរ៉ង់សម្រេចចិត្តថាអភិវឌ្ឍបច្ចេកវិទ្យា មីស៊ីលប្រភេទនេះ។ អ៉ីរ៉ង់មានមីស៊ីលបាលិស្ទីគជាច្រើនប្រភេទជាមួយចម្ងាយអតិបរមា ២០០០គីឡូម៉ែត្រ ក្នុងនោះរួមមានមីស៊ីលបាលិស្ទីគ Sejjil និង Khorramshahr ព្រមទាំងមីស៊ីលគ្រូស Soumar រយៈចម្ងាយឆ្ងាយបាញ់បាន ៣០០០គីឡូម៉ែត្រ៕