លោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេសដែលស៊ើបអង្កេតលោក ត្រាំ បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ, លោក ត្រាំ ថា «ខ្ញុំរីករាយដែលគាត់ស្លាប់» (Video inside)
22-03-2026 21:36
(វ៉ាស៊ីនតោន)៖ លោក Robert Mueller អតីតប្រធាន FBI ដែលល្បីល្បាញតាមរយៈការដឹកនាំការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Mueller គឺជាវីរបុរសនៃសង្គ្រាមវៀតណាម និងជាអ្នកដឹកនាំ FBI ក្រោយព្រឹត្តិការណ៍ ១១កញ្ញា ២០០១។ ឈ្មោះរបស់លោកបានក្លាយជាចំណាប់អារម្មណ៍ពិភពលោក នៅពេលលោកត្រូវបានតែងតាំងជា «រដ្ឋអាជ្ញាពិសេស» ដើម្បីស៊ើបអង្កេត
ទំនាក់ទំនងរវាងយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ និងរុស្ស៊ី។ ក្នុងរយៈពេល ២២ខែ លោកបានចោទប្រកាន់មនុស្ស ៣៤នាក់ រួមទាំងជំនួយការលោក ត្រាំ និងមន្ត្រីចារកម្មរុស្ស៊ី។ ទោះជាយ៉ាងណា លោកបានសម្រេចចិត្តមិនចោទប្រកាន់ព្រហ្មទណ្ឌលើលោក ត្រាំ ដែលកំពុងកាន់អំណាចនោះទេ ដោយគ្រាន់តែបញ្ជាក់ថា «ប្រធានាធិបតីមិនត្រូវបានរួចផុតពីការចោទប្រកាន់» ជុំវិញការរារាំងយុត្តិធម៌ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការស្លាប់របស់លោក Mueller បានបង្កឱ្យមានប្រតិកម្មយ៉ាងចាស់ដៃពីសំណាក់លោក ដូណាល់ ត្រាំ។ តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «ល្អណាស់ ខ្ញុំរីករាយដែលគាត់ស្លាប់។ គាត់លែងអាចធ្វើបាបមនុស្សស្លូតត្រង់ទៀតបានហើយ!»។ ក្នុងរបាយការណ៍ ៤៤៨ទំព័ររបស់លោកឆ្នាំ២០១៩ លោកបានសន្និដ្ឋានថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកយ៉ាងមានប្រព័ន្ធ ប៉ុន្តែមិនបានរកឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ថា ក្រុមការងារលោក ត្រាំ បានឃុបឃិតជាមួយរុស្ស៊ីនោះទេ៕




