លោក ហ្សេលេនស្គី សង្ឃឹមថាសហរដ្ឋអាមេរិកមិនបំភ្លេចអ៊ុយក្រែន ទោះជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់

23-03-2026 09:24

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញក្ដីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តរក្សាកិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន បើទោះជាសហរដ្ឋអាមេរិកកំពុងផ្តោតលើសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីបេសកជនពិសេសអ៊ុយក្រែន និងអាមេរិកជួបគ្នាក្នុងរដ្ឋ Florida។ លោក ហ្សេលេនស្គី បាននិយាយថាជាពិតណាស់ ក្នុងពេលឥលូវនេះ សហរដ្ឋអាមេរិកកំពុងផ្ដោតលើសង្រ្គាមជាមួយអ៉ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែទោះជាយ៉ាងណា ក៏ត្រូវបន្តជួយបិទបញ្ចប់សង្រ្គាមដែលរុស្ស៉ីបង្កឡើងប្រឆាំងនឹងអ៊ុយក្រែន ផងដែរ។ តាមមេដឹកនាំអ៊ុយក្រែន ទាំងសង្រ្គាមនៅអ៊ុយក្រែន និងអ៉ីរ៉ង់គួរតែត្រូវបានយកចិត្តទុកដាក់ពីពិភពលោកដូចគ្នា ហើយលោកពិតជាអរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការគាំទ្រដល់ការវិលត្រឡប់ទៅរកប្រក្រតីភាព និងសន្តិភាពប្រកបដោយភាពថ្លៃថ្នូរ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ ថ្មីៗនេះបានបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់រុស្ស៉ី ជាការដាក់សម្ពាធដ៏សំខាន់មួយដែលបណ្ដាប្រទេសអឺរ៉ុបកំពុងអនុវត្តលើរុស្ស៉ី​​ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ ការបន្ធូរបន្ថយនេះត្រូវបានគេមើលឃើញថាលោក ត្រាំ ចង់បញ្ចុះតម្លៃប្រេងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរួមដៃគ្នា ធ្វើសង្រ្គាមប្រឆាំងនឹងអ៉ីរ៉ង់៕