គុយបា ថាត្រៀមលក្ខណៈជាស្រេចសម្រាប់ការវាយប្រហារណាមួយពីសហរដ្ឋអាមេរិក តែបើកចំហចំពោះកិច្ចចរចា (Video inside)

23-03-2026 10:39

(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់គុយបា បាននិយាយថាប្រទេសរបស់លោកបានត្រៀមលក្ខណៈជាស្រេចដើម្បីការពារខ្លួន ក្នុងករណីមានការវាយប្រហារពីសហរដ្ឋអាមេរិក ប៉ុន្តែទទូចថា គុយបាមិនមានជម្លោះអ្វីជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ និងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់របស់អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក NBC ដែលត្រូវបានចេញផ្សាយកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ លោក de ​Cossio បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់យើងតែងតែត្រៀមលក្ខណៈជានិច្ច...ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានដោយយោធាណាមួយ»

តែទោះជាបែបនេះក្ដី លោកបន្ថែមថាគុយបាក៏មិនចង់ឱ្យជម្លោះប្រដាប់អាវុធផ្ទុះឡើងនោះដែរ ហើយម្យ៉ាងគុយបាមិនមានជម្លោះអ្វីជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ។ «យើងចាំបាច់ និងមានសិទ្ធិដើម្បីការពារខ្លួនឯង តែយើងក៏មានឆន្ទៈអង្គុយចុះដើម្បីចរចាផងដែរ»។ នេះជាការបន្ថែមរបស់លោក de ​Cossio។

គួរបញ្ជាក់ថា គុយបា និងសហរដ្ឋអាមេរិកបើកកិច្ចចរចាកាលពីដើមខែមីនានេះ ខណៈការបិទខ្ទប់ប្រេងរបស់លោក ដូណាល់ ត្រាំ កំពុងរុញច្រានឱ្យគុយបាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងថាមពល កាន់តែជ្រៅរហូតដល់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ លោក ត្រាំ កាលពីសប្ដាហ៍មុនថែមទាំងបង្កើនវោហាសាស្ត្រប្រឆាំងនឹងគុយបាទៀតផង ដោយនិយាយថាលោកមានកិត្តិយសដើម្បីគ្រប់គ្រង គុយបា។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមទម្លាក់ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ចេញពីអំណាច៕