សម្តេចប៉ាប Leo ចេញការអំពាវនាវជាថ្មីម្តងទៀត ឱ្យបញ្ឈប់សង្រ្គាមមជ្ឈិមបូព៌ា (Video inside)

23-03-2026 11:51

(វ៉ាទីកង់)៖ សម្តេចប៉ាប Leo កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា បានបន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលផ្តើមចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដោយចាត់ទុកការស្លាប់ និងទុក្ខវេទនាគឺជារឿងសៅហ្មងសម្រាប់មនុស្សជាតិទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងពិធីអធិស្ឋានប្រចាំសប្តាហ៍ នៅឯទីលាន St. Peter's Square សម្តេចប៉ាប មានព្រះបន្ទូលថា «យើងមិនអាចនៅស្ងៀម ចំពោះមុខទុក្ខវេទនារបស់មនុស្សជាច្រើន ដែលជាជនរងគ្រោះគ្មានទីពឹងនៃជម្លោះទាំងនេះបានទេ។ អ្វីដែលធ្វើឱ្យពួកគេឈឺចាប់ គឺធ្វើឱ្យមនុស្សជាតិទាំងមូលឈឺចាប់ដូចគ្នា»។ សម្តេចប៉ាប មានព្រះបន្ទូលទៀតថា ​«ខ្ញុំសូមអំពាវនាវម្ដងទៀតយ៉ាងមុតមាំសម្រាប់គ្រប់គ្នា ដោយបន្តអធិស្ឋានឱ្យអរិភាពអាចបញ្ឈប់ទៅបាន ហើយរកឃើញផ្លូវឆ្ពោះទៅសន្តិភាព»

គួរបញ្ជាក់ថា សង្គ្រាមដែលបានចូលដល់សប្តាហ៍ទី ៤ កំពុងស្ថិតក្នុងការគំរាមកំហែងដាក់គ្នាទៅវិញទៅមក។ ក្រៅពីមានមនុស្សស្លាប់ និងរបួស តំបន់ប្រេងនៅមជ្ឈិមបូព៌ាក៏បានរងគ្រោះ ធ្វើឱ្យវិស័យថាមពលសកលរង្គោះរង្គើរ ប៉ះពាល់ដល់ជីវភាពប្រជាជននៅជុំវិញពិភពលោក៕