ចិន សន្យាធ្វើឱ្យពាណិជ្ជកម្មមានតុល្យភាព ដោយបង្កើនការនាំចូលពីបរទេស (Video inside)

23-03-2026 15:46

(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang បានសន្យាថានឹងបើកចំហសេដ្ឋកិច្ចប្រទេសថែមទៀតដល់ក្រុមហ៊ុនបរទេស និងធ្វើឱ្យពាណិជ្ជកម្មជាមួយដៃគូសកលរបស់ខ្លួនមានតុល្យភាពជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦។

លោក Li បានប្រាប់វេទិកាអភិវឌ្ឍចិន នៅក្នុងទីក្រុងប៉េកាំង ថាចិននឹងនាំចូលទំនិញបរទេសដែលមានគុណភាពខ្ពស់បន្ថែម ហើយធ្វើការជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព និងមានតុល្យភាព ព្រមទាំងពង្រីកពាណិជ្ជកម្មជាសកល។

វេទិកាប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបញ្ចប់នាថ្ងៃចន្ទនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំង បង្ហាញចក្ខុវិស័យសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់ខ្លួន ដល់ថ្នាក់ដឹកនាំធុរកិច្ចបរទេស មន្ត្រីចិន អ្នកសេដ្ឋកិច្ច និងអ្នកសិក្សានានា បន្ទាប់ពីមានការប៉ះទង្គិចគួរឱ្យកត់សម្គាល់លើបញ្ហាពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយជាមួយសហរដ្ឋអាមេរិក ជាពិសេសសហភាពអឺរ៉ុប។

ទោះជាសុន្ទរកថារបស់ លោក Li មិនបានលើកចំបញ្ហាអតិរេកពាណិជ្ជកម្ម ប៉ុន្តែការសន្យារបស់លោក បង្ហាញថាបញ្ហានេះអាចរំខានដល់ទំនាក់ទំនងអន្តរជាតិ អំឡុងពេលដែលចិនមានបទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក។

គួរបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៥.៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ គឺមកនៅត្រឹមជាង ៩២ពាន់លានយន់ ឬ ១៣.៣៦ពាន់លានដុល្លារក្នុងខែមករា បន្ទាប់ពីការធ្លាក់ចុះ ៩.៥ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥៕