ប្រធានាធិបតី Prabowo ថាឥណ្ឌូណេស៉ីមិនធ្លាប់សន្យាបង់ថវិកា ១ពាន់លានដុល្លារ ក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នោះទេ (Video inside)
23-03-2026 16:18
(ហ្សាការតា)៖ ឥណ្ឌូណេស៉ី បានប្រកាសថានឹងមិនមានការបង់ថវិកាចំនួន ១ពាន់លានដុល្លារ ទៅឱ្យក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះទេ ដោយប្រធានាធិបតី លោក Prabowo Subianto បានគូសបញ្ជាក់ថា តួនាទីរបស់ទីក្រុងហ្សាការតាក្នុងក្រុមប្រឹក្សានេះ គឺជាជួយគាំទ្រដល់ការថែរក្សាសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦។
ក្នុងពេលសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន និងអ្នកជំនាញ លោក Prabowo បានឱ្យដឹងថា «សមាជិកភាពមានពីរប្រភេទ ប្រសិនបើយើងចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ឬសមាជិកពិសេស យើងត្រូវបានស្នើសុំឱ្យចូលរួមវិភាគទានចំនួន ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែខ្ញុំមិនដែលនិយាយថា យើងមានឆន្ទៈចំណាយ ១ពាន់លានដុល្លារអាមេរិកនោះទេ»។
ការអត្ថាធិប្បាយរបស់លោក Prabowo មានបំណងលុបបំបាត់ក្តីបារម្ភ ដែលថាថវិការដ្ឋឥណ្ឌូណេស៉ីនឹងរងនូវបន្ទុកថ្មី បន្ទាប់ពីមានការកត់សម្គាល់ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោក Purbaya Yudhi Sadewa កាលពីថ្ងៃទី៣ ខែកុម្ភៈ ថាវិភាគទានអាចយកចេញពីថវិការបស់ក្រសួងការពារជាតិ។
លោក Prabowo ក៏បានបញ្ជាក់បន្ថែមលើការអត្ថាធិប្បាយ ដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោក Sugiono ថាឥណ្ឌូណេស៉ីគ្មានកាតព្វកិច្ចបង់ប្រាក់វិភាគទាននោះទេ ហើយក៏គ្មានការចូលរួមមូលនិធិណាមួយ ក្នុងការងារកសាងតំបន់ហ្កាហ្សាឡើងវិញដែរ៕






