លោក គីម ជុងអ៊ុន៖ ការបន្តពង្រឹងកងកម្លាំងនុយក្លេអ៊ែរ គឺជាជម្រើសដ៏ត្រឹមត្រូវ (Video inside)
24-03-2026 09:28
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកនឹងបន្តពង្រឹងកងកម្លាំងនុយក្លេអ៊ែរជាអចិន្ត្រៃយ៍ដែលជាជម្រើសដ៏ត្រឹមត្រូវ ខណៈចាត់ទុក កូរ៉េខាងត្បូងជាសត្រូវចម្បងនៅក្នុងសុន្ទរកថាមួយជាមួយការដាក់ចេញគោលនយោបាយជាអាទិភាពទៅកាន់សភាជាតិ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ លោក គីម ជុងអ៊ុន បាននិយាយថាឋានៈរបស់ទីក្រុងព្យុងយ៉ាងក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរ គឺមិនអាចកែប្រែបានជាដាច់ខាត ហើយការពង្រីកសមត្ថភាពស្វ័យការពារដោយមានអាវុធនុយក្លេអ៊ែរជាការកំញើញសត្រូវ គឺពិតជាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ស្ថិរភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក គីម ក៏បានច្រានចោលផងដែរគំនិតចង់ឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរជាថ្នូរដោះដូរនឹងផលប្រយោជន៍សេដ្ឋកិច្ច ឬការធានាសន្តិសុខ ដោយនិយាយថាកូរ៉េខាងជើងបានបង្ហាញរួចទៅហើយថាការកាន់កាប់កងកម្លាំងនុយក្លេអ៊ែរ ខណៈបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរគឺជាជម្រើសដ៏ត្រឹមត្រូវខាងយុទ្ធសាស្ត្រ។
ក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយ KCNA លោក គីម បានសង្កត់ធ្ងន់ដូច្នេះថា «ក្នុងពិភពលោកបច្ចុប្បន្នដែលសេចក្ដីថ្លៃថ្នូរ និងសិទ្ធិនៃរដ្ឋអធិបតេយ្យត្រូវបានរំលោភបំពានដោយ កម្លាំងឯកតោភាគី និងអំពើហិង្សា វាបានបង្ហាញយ៉ាងច្បាស់ថាតើអ្វីទៅជាការធានាសន្តិសុខនៃអាយុជីវិតជាតិ និងសន្តិភាព។ តាមប្រមុខមេដឹកនាំកូរ៉េខាងជើង អាវុធនុយក្លេអ៊ែរ បានកំញើញទប់ស្កាត់សង្រ្គាម ហើយអនុញ្ញាតឱ្យកូរ៉េខាងជើងផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ការស្ថាបនា និងជីវភាពស្ដង់ដាររបស់ប្រជាជន។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន ក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកថាកំពុងបង្កអសិ្ថរភាពក្នុងតំបន់តាមរយៈការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្បែរឧបទ្វីបកូរ៉េ។ ប៉ុន្តែលោក គីម លែងមើលឃើញថាកូរ៉េខាងជើងជាប្រទេសមួយដែលស្ថិតនៅក្រោមការគំរាមកំហែងទៀតនោះទេ ហើយកាន់កាប់អំណាចដើម្បីសម្លុតគំរាមសត្រូវ ប្រសិនបើចាំបាច់៕








