ក្រុមហ៊ុនកំពូលរបស់អារ៉ាប៊ីសាអូឌីត Aramco បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងមកអាស៉ី (Video inside)

24-03-2026 11:11

(សិង្ហបុរី)៖ Aramco ដែលជាក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត និងជាអ្នកនាំចេញលំដាប់កំពូលរបស់ពិភពលោក បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅដល់អ្នកទិញនៅអាស៉ី រយៈពេលមួយខែទៀត គឺរហូតដល់ខែមេសា បន្ទាប់ពីសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ រំខានដល់ពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា​ ឆ្នាំ ២០២៦។

ទិន្នន័យវិភាគពីក្រុមហ៊ុន Kpler បង្ហាញថា អារ៉ាប៊ីសាអូឌីត បាននាំចេញប្រេងឆៅជាង ៤.៣៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមីនា ដោយធ្លាក់ចុះពីជាង ៧.១០លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ។

ប្រភពចំនួន ៣បានលើកឡើងថា ក្រុមហ៊ុន Aramco អាចផ្គត់ផ្គង់ប្រេងឆៅ Arab Light ដែលនាំចេញតាមកំពង់ផែសមុទ្រក្រហម នៅទីក្រុង Yanbu ប៉ុណ្ណោះ ទៅដល់អតិថិជនអាស៉ី នៅក្នុងខែមេសា។ Aramco កំពុងព្យាយាមជំរុញការនាំចេញប្រេងឆៅតាមកំពង់ផែទីក្រុង Yanbu ដើម្បីទូទាត់ការរំខានពីច្រកសមុទ្រ Hormuz៕