តម្លៃប្រេងហក់ឡើងមកវិញ ក្រោយអ៉ីរ៉ង់បដិសេធថាគ្មានការទាក់ទង ឬការចរចាជាមួយអាមេរិក (Video inside)

24-03-2026 13:22

(បរទេស)៖ នាថ្ងៃអង្គារនេះ តម្លៃប្រេងបានកើនឡើងសាជាថ្មី បន្ទាប់ពីអ៉ីរ៉ង់បានបដិសេធថា ខ្លួនមិនបានចរចាជាមួយអាមេរិក ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមមជ្ឈិមបូព៌ានោះទេ ពោលគឺទាត់ចោលការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា ភាគីទាំងពីរបានចរចាគ្នាស្ងាត់ៗ ហើយកិច្ចព្រមព្រៀងមួយ អាចនឹងឈានដល់ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦។

តម្លៃប្រេងឆៅអន្តរជាតិ Brent បានកើន៤ភាគរយវិញ ឬស្មើនឹង៤ដុល្លារ មកដល់១០៣.៩៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានឡើង៣.៤៩ដុល្លារ ឬ៤ភាគរយ ដល់៩១.៦២ដុល្លារក្នុងមួយបារ៉ែល។ ការហក់ឡើងវិញនេះ គឺបន្ទាប់ពីតម្លៃប្រេង បានធ្លាក់ចុះដល់ទៅជាង១០ភាគរយ កាលពីថ្ងៃចន្ទ ក្រោយពេលលោក ត្រាំ បានប្រកាសពន្យារពេល៥ថ្ងៃ ចំពោះគម្រោងវាយប្រហាររោងចក្រថាមពលរបស់អ៉ីរ៉ង់ ដោយអះអាងថា អាមេរិកបានជជែកស្ងាត់ៗជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ ហើយទទួលបានសញ្ញាវិជ្ជមាន។

គួរបញ្ជាក់ថា ត្រឹមតែប៉ុន្មានម៉ោងក្រោយការអះអាងរបស់លោកប្រធានាធិបតីអាមេរិក ទីក្រុងតេហេរ៉ង់បានចេញមុខបដិសេធថា អំឡុងសង្រ្គាមជាង២០ថ្ងៃមកនេះ គឺខ្លួនមិនបានទាក់ទងជាមួយទីក្រុងវ៉ាស៉ីនតោនឡើយ ហើយបានចាត់ទុក ការអះអាងនោះថា គឺជាការប៉ុនប៉ងក្រឡុកទីផ្សារហិរញ្ញវត្ថុ។ ទន្ទឹមគ្នានោះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសពីការវាយប្រហារសងសឹកជុំថ្មីទៀត ​លើគោលដៅអាមេរិកនិងអ៉ីស្រាអែល ហើយបានហៅការអត្ថាធិប្បាយរបស់លោក ត្រាំ ថាជាយុទ្ធវិធីចិត្តសាស្រ្ត ដែលគ្មានប្រសិទ្ធភាព៕