ប៉ាគីស្ថាន ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលរងការបំពុលខ្យល់ខ្លាំងជាងគេ ក្នុងឆ្នាំ២០២៥ (Video inside)
24-03-2026 14:29
(អ៉ីស្លាម៉ាបាដ)៖ ទិន្នន័យស្រាវជ្រាវបានបង្ហាញនាថ្ងៃអង្គារនេះថា ប្រទេសប៉ាគីស្ថាន ត្រូវបានផ្តល់ចំណាត់ថ្នាក់ ជាប្រទេសដែលមានខ្យល់ពុលអាក្រក់ជាងគេបង្អស់នៅលើពិភពលោក កាលពីឆ្នាំ២០២៥ ដោយមានកំហាប់ធូលីល្អិតដ៏គ្រោះថ្នាក់ចំពោះសុខភាព ហៅថា PM2.5 លើសកម្រិតដែលណែនាំដោយអង្គការសុខភាពពិភពលោក WHO ដល់ទៅ១៣ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦។
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុនតាមដានគុណភាពខ្យល់ជាសកលរបស់ប្រទេសស្វ៉ីស IQAir បាននិយាយថា ក្នុងឆ្នាំ២០២៥ មានប្រទេសចំនួន១៣ ដែលបានរក្សាកម្រិត PM2.5 ជាមធ្យម ស្របតាមកម្រិតណែនាំរបស់ WHO គឺក្រោម ៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ចំនួននេះគឺកើនឡើងពីឆ្នាំ២០២៤ ដែលមានត្រឹម៧ប្រទេស។
សរុបមក ១៣០ក្នុងចំណោមប្រទេសនិងដែនដី១៤៣ ដែលត្រូវបានតាមដាន គឺមិនអាចអនុវត្តតាមគោលការណ៍ណែនាំរបស់ WHO។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្នុងបញ្ជីខាងលើ គឺបង់ក្លាដែស និងតាហ្ស៉ីគីស្ថាន។ រីឯក្នុងចំណោមប្រទេស ដែលអាចបំពេញតាមស្តង់ដារបស់ WHO រួមមានដូចជា អូស្រ្តាលី អ៉ីស្លង់ អេស្តូនី និងប៉ាណាម៉ា។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ IQAir ប្រទេសមួយចំនួនដូចជាកម្ពុជា ឡាវ និងឥណ្ឌូណេស៉ី ឆ្នាំមុនសុទ្ធតែបានមើលឃើញការថយចុះច្រើនគួរឱ្យកត់សម្គាល់ នៃកំហាប់ធូលីល្អិត PM2.5 ធៀបទៅនឹងឆ្នាំ២០២៤។ ជារួម ប្រទេសនិងដែនដីចំនួន៧៥ បានរាយការណ៍កម្រិត PM2.5 ទាបជាងមុន នៅក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ហើយ៥៤ប្រទេសនិងដែនដី បានកត់ត្រាអត្រាកំហាប់ជាមធ្យម មានការកើនឡើង៕







