សិង្ហបុរី ព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកពាក់ព័ន្ធនឹងសកម្មភាពយោធាអ៉ីស្រាអែល (Video inside)

24-03-2026 15:27

(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរី បានចេញការព្រមាននៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា ភាពជាប់ពាក់ព័ន្ធនៅក្នុងអង្គការ ដែលមានទំនាក់ទំនងជាមួយយោធាអ៉ីស្រាអែល ដូចជាអង្គការ Sar-El នឹងមិនអាចទទួលយកបានឡើយ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន ហើយអាចទាញឱ្យមានចំណាត់ការផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សេចក្តីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិសិង្ហបុរី កត់សម្គាល់ថា គេហទំព័រអង្គការ Sar-El មានសរសេរពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ក្នុងការគាំទ្រយោធាអ៉ីស្រាអែល IDF ហើយថាអ្នកស្ម័គ្រចិត្តរបស់ខ្លួន គឺបានធ្វើការរួមគ្នាជាមួយ IDF។ ក្រសួងបញ្ជាក់ថា វិធានការនឹងត្រូវធ្វើឡើងក្រោមច្បាប់ ប្រឆាំងនរណាម្នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព ដែលត្រូវបានរកឃើញថាប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍ជាតិសិង្ហបុរី។

គួរបញ្ជាក់ថា គណនីបណ្តាញសង្គមមួយ បានលើកយកសារចាស់មកបង្ហោះឡើងវិញ ដោយលើកទឹកចិត្តឱ្យចូលរួមធ្វើការស្ម័គ្រចិត្តជាមួយ Sar-El ជាអង្គការមិនរកប្រាក់ចំណេញរបស់អ៉ីស្រាអែល។ សារដែលសរសេរដោយជនជាតិសិង្ហបុរី នៅក្នុងឆ្នាំ ២០១៨ ឬ ២០១៩ ត្រូវលុបចោលវិញកាលពីឆ្នាំ ២០២៥ ប៉ុន្តែការយកមកបង្ហោះឡើងវិញនេះ បានបង្កើតជាចម្ងល់ថា ហេតុអ្វីបានជាជនជាតិសឹង្ហបូរី ស្នើឱ្យអ្នកផ្សេងទៀតចូលរួមធ្វើជាអ្នកស្ម័គ្រជាមួយ IDF នៅអ៉ីស្រាអែល៕