អ៉ីស្រាអែលថា លោក ត្រាំ ចង់បានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ប៉ុន្តែលទ្ធផលជោគជ័យគឺ «មិនអាចទៅរួច» (Video inside)
24-03-2026 20:41
(ហ្សេរុយសាឡិម)៖ មន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលចំនួន ៣រូប បានប្រាប់ឱ្យដឹងនាថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្ហាញការតាំងចិត្តយ៉ាងខ្លាំងក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ យ៉ាងណាមិញ មន្ត្រីទាំងនោះបានវាយតម្លៃថា វាជារឿងមិនអាចទៅរួចនោះទេ ដែលអ៉ីរ៉ង់នឹងព្រមចុះចាញ់តាមការទាមទារដ៏តឹងរ៉ឹងរបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦។
មន្ត្រីអ៉ីស្រាអែលបានអះអាងថា ការទាមទាររបស់អាមេរិកទំនងជានៅតែដដែល ពោលគឺការដាក់កម្រិតទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីករបស់អ៉ីរ៉ង់ ដែលជាចំណុចដែលអ៉ីរ៉ង់ធ្លាប់បានបដិសេធកាលពីជុំមុន។
គួរបញ្ជាក់ថា ទោះបីជាលោក ត្រាំ បានប្រកាសថា អាមេរិក និងអ៉ីរ៉ង់ បានជជែកគ្នា «យ៉ាងល្អ និងប្រកបដោយផ្លែផ្កា» អំពីដំណោះស្រាយជម្លោះទាំងស្រុងក៏ដោយ ក៏ទីក្រុងតេហេរ៉ង់បានចេញមុខច្រានចោលភ្លាមៗ ដោយអះអាងថា «មិនមានការចរចាណាមួយបានកើតឡើងនោះឡើយ»៕





