ហ្វីលីពីនកំពុងធ្វើការជាមួយអាមេរិក ដើម្បីទទួលបានប្រេងពីប្រទេសជាប់ទណ្ឌកម្ម ក្រោយប្រកាសអាសន្នផ្នែកថាមពល (Video inside)
25-03-2026 11:21
(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក បានឱ្យដឹងថា ហ្វីលីពីនកំពុងធ្វើការជាមួយទីក្រុងវ៉ាស៉ីនតោន ក្នុងគោលដៅស្វែងរកការយោគយល់លើកលែង ដើម្បីឱ្យខ្លួនអាចទទួលបានប្រេងពីបណ្តាប្រទេសដែលជាប់ទណ្ឌកម្មអាមេរិក ស្របពេលដែលប្រទេសអាស៊ានមួយនេះ កំពុងជួបបញ្ហាខ្វះខាតខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
កាលពីថ្ងៃអង្គារ ហ្វីលីពីនដែលជាប្រទេសពឹងផ្អែកធំលើប្រេងនាំចូល បានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដើម្បីទប់ទល់ផលប៉ះពាល់បណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា។ ឯកអគ្គរដ្ឋទូត លោក Jose Manuel Romualdez បាននិយាយដូច្នេះថា «យើងកំពុងធ្វើការជាមួយក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានការលើកលែង ដើម្បីទិញប្រេងពីប្រទេសដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
នៅពេលត្រូវបានសាកសួរថា តើប្រេងវ៉េណេស៊ុយអេឡានិងប្រេងអ៉ីរ៉ង់ ស្ថិតក្នុងកិច្ចពិភាក្សានេះដែរឬយ៉ាងណា លោក Romualdez បានប្រាប់ថា «ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា» ហើយនៅពេលសួរថា មានការឆ្លើយតបបែបណាពីក្រសួងការបរទេសអាមេរិក លោកឯកអគ្គរដ្ឋទូតហ្វីលីពីន បាននិយាយថា «ការងារកំពុងតែប្រព្រឹត្តទៅ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមីនា រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ មានប្រេងសម្រាប់ផ្គត់ផ្គង់ត្រឹមរយៈពេលប្រហែល៤៥ថ្ងៃ ហើយកំពុងព្យាយាមទិញប្រេង១លានបារ៉ែលថែមទៀត ដើម្បីបម្រុងទុក។ ការប្រកាសភាពអាសន្ន ដែលនឹងមានរយៈពេល១ឆ្នាំ អនុញ្ញាតឱ្យរដ្ឋាភិបាលហ្វីលីពីន ដាក់ចេញចំណាត់ការបន្ទាន់ពិសេសផ្សេងៗ ដើម្បីធានាការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសរបស់ខ្លួន៕







