ក្រៅពីវិបត្តិថាមពល WTO ព្រមានថាជីកសិកម្មនឹងឡើងថ្លៃ ដោយសារសង្រ្គាមមជ្ឈិមបូព៌ារំខានដល់ការផ្គត់ផ្គង់ (Video inside)
25-03-2026 11:53
(Yaounde, កាមេរូន)៖ មន្រ្តីកំពូលមួយរូបនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានថា ការរំខានដល់ដំណើរការផ្គត់ផ្គង់ជីកសិកម្ម ដែលកើតចេញពីសង្រ្គាមមជ្ឈិមបូព៌ា អាចបង្កការគំរាមកំហែងទ្វេដងចំពោះសន្តិសុខស្បៀងពិភពលោក តាមរយៈកង្វះខាត និងតម្លៃខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
អ៉ីរ៉ង់ ស្ទើរតែបិទច្រកសមុទ្រ Hormuz ដោយធ្វើឱ្យស្ទះផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ក៏ដូចជាជីកសិកម្ម។ ជាង ៣០ភាគរយនៃដឹកជញ្ជូនជីកសិកម្មរបស់ពិភពលោក ជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការរំខាននេះជំរុញឱ្យមានការព្រមានជាច្រើន អំពីផលប៉ះពាល់លើការផលិតស្បៀងអាហារ។
អគ្គនាយករង WTO លោក Jean-Marie Paugam បានប្រាប់ AFP ក្នុងបទសម្ភាសមួយនៅទីក្រុង Yaounde ប្រទេសកាមេរូន យ៉ាងដូច្នេះថា «ជីគឺជាបញ្ហាទីមួយនៃការព្រួយបារម្ភបច្ចុប្បន្ន។ ប្រសិនបើគ្មានជីបន្ថែមទេ វានឹងមិនត្រឹមតែប៉ះពាល់ដល់បរិមាណប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់តម្លៃផងដែរ»។ លោកបន្ថែមថា «ផលប៉ះពាល់នៅឆ្នាំបន្ទាប់ គឺការប្រមូលផលធ្លាក់ចុះ ហើយតម្លៃកើនឡើង»។
គួរបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏សន្ធឹកសន្ធាប់របស់តំបន់ឈូងសមុទ្រ ដែលជាធាតុផ្សំសំខាន់នៅក្នុងដំណើរការផលិតជីសិប្បនិម្មិត បានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលផលិតដ៏ធំ។ ប៉ុន្តែផលិតកម្មត្រូវបានរារាំងយ៉ាងខ្លាំងដោយសង្គ្រាម ដោយមានកន្លែងធំៗមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ។ ក្រុមហ៊ុននាំចេញផលិតផលម្ហូបអាហាររបស់ឥណ្ឌា ថៃ និងប្រេស៉ីល ពឹងផ្អែកលើជីអ៊ុយរ៉េមកពីតំបន់ឈូងសមុទ្រ ជាហេតុធ្វើឱ្យប្រទេសទាំងនោះងាយរងគ្រោះ៕










