បុគ្គលិកស្ថាប័នផ្សព្វផ្សាយ ABC អូស្រ្តាលី ធ្វើកូដកម្មជុំវិញបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ (Video inside)
25-03-2026 15:23
(ស៉ីដនី)៖ បុគ្គលិកធ្វើការក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Australian Broadcasting Corporation រាប់រយនាក់ បានផ្អាកមិនចូលធ្វើការមួយថ្ងៃនាថ្ងៃពុធនេះ ដែលជាការធ្វើកូដកម្មលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំ ជុំវិញបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
កម្មវិធីផ្សាយផ្ទាល់ត្រូវបានបង្វែរទៅចាក់ផ្សាយមាតិកា ពីទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេស នៅពេលកូដកម្មចាប់ផ្តើមនៅម៉ោង ១១ព្រឹក។ រីឯកម្មវិធីល្បីៗនៅលើទូរទស្សន៍ និងវិទ្យុ ក៏ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរផងដែរ ក្នុងអំឡុងពេលកូដកម្ម ២៤ម៉ោង។ កូដកម្មនេះកើតឡើង បន្ទាប់ពីមានការចរចាប្រាក់ឈ្នួលរវាងបុគ្គលិក និងអ្នកគ្រប់គ្រង អស់រយៈពេលច្រើនខែមកហើយ។
ក្នុងសប្តាហ៍នេះ បុគ្គលិក ABC ភាគច្រើន បានបដិសេធទទួលយកដំណោះស្រាយចុងក្រោយ គឺការដំឡើងប្រាក់ឈ្នួល ១០ភាគរយក្នុងរយៈពេល ៣ឆ្នាំ និងប្រាក់រង្វាន់ ១ ០០០ដុល្លារអូស្ត្រាលី (៧០០ដុល្លារអាមេរិក) សម្រាប់បុគ្គលិកអចិន្ត្រៃយ៍ និងបុគ្គលិកកុងត្រា។ ទាំងផ្នែកផ្សព្វផ្សាយ កម្សាន្ត និងសិល្បៈ បាននិយាយថា ការផ្តល់ឱ្យនេះគឺទាបជាងអតិផរណា ហើយគ្មានការធានាលក្ខខណ្ឌការងារ ប្រកបដោយសុវត្ថិភាព។ ចំណែក ប្រាក់រង្វាន់ ១ ០០០ដុល្លារអូស្ត្រាលី ក៏មិនបានរាប់បញ្ចូលបុគ្គលិកធម្មតា។
គួរបញ្ជាក់ថា ជាង ៣០ភាគរយនៃបុគ្គលិកសរុប ៤ ៥០០របស់ ABC បានចងជាសហជីពមួយ។ បុគ្គលិកប្រហែល ១ ០០០នាក់ បានបោះឆ្នោតគាំទ្រឱ្យការធ្វើកូដកម្ម បន្ទាប់ពីការចរចាប្រាក់ឈ្នួលបរាជ័យ៕







