លោក គីម ជុងអ៊ុន ទទួលស្វាគមន៍ប្រធានាធិបតីបេឡារុស លោក Lukashenko យ៉ាងអធិកអធម ដើម្បីរឹតបន្តឹងចំណងមិត្តភាពជាមួយសម្ព័ន្ធមិត្តរុស្ស៊ី (Video inside)
25-03-2026 19:13
(ព្យុងយ៉ាង)៖ នាថ្ងៃពុធ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនដល់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាឆេនកូ (Alexander Lukashenko) នៅទីក្រុងព្យុងយ៉ាង ដែលរួមមានទាំងកងទ័ពសេះ និងការបាញ់កាំភ្លើងធំស្វាគមន៍ ២១គ្រាប់ ដើម្បីពង្រឹងចំណងមិត្តភាពរវាងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតទាំងពីររបស់លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក គីម បានទទួលលោក លូកាឆេនកូ ដោយការឱបក្រសោបយ៉ាងកក់ក្តៅ បន្ទាប់ពីក្មេងៗកាន់ទង់ជាតិបានស្រែកហ៊ោស្វាគមន៍ការមកដល់របស់លោកនៅឯព្រលានយន្តហោះ។ យោងតាមរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Ryzhenkov ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ នឹងមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទោះបីជាទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតតិចតួចក្តី ប៉ុន្តែភាគីទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការជំរុញវិស័យចំណីអាហារ និងឱសថ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាការបង្ហាញពីភាពជិតស្និទ្ធរវាងមេដឹកនាំដែលកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីបស្ចិមលោក។ លោក គីម ជុងអ៊ុន បានផ្តល់គ្រាប់រំសេវរាប់លានគ្រាប់ និងកងទ័ពទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈលោក លូកាឆេនកូ បានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីបេឡារុស ជាមូលដ្ឋានទ័ពសម្រាប់ការលុកលុយក្នុងឆ្នាំ២០២២ និងបានព្រមព្រៀងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនៅលើទឹកដីរបស់ខ្លួន ដែលជាប់ព្រំដែនជាមួយប្រទេសណាតូ (NATO) ចំនួន៣។ ទោះជាយ៉ាងណា អ្នកវិភាគនយោបាយមួយចំនួនបានវាយតម្លៃថា កិច្ចប្រជុំនេះគ្រាន់តែជាការបង្ហាញពីសាមគ្គីភាពលើឆាកអន្តរជាតិប៉ុណ្ណោះ ព្រោះតាមពិតទៅ ប្រទេសទាំងពីរពុំមានទំនាក់ទំនងពាណិជ្ជកម្មដែលមានខ្លឹមសារអ្វីនោះឡើយ៕








