ឥណ្ឌាទិញឧស្ម័ន LPG ពីអ៊ីរ៉ង់ជាលើកដំបូងក្នុងរយៈពេលច្រើនឆ្នាំ ក្រោយអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម
25-03-2026 22:37
(ញូវដេលី)៖ ប្រភពពីឧស្សាហកម្ម និងទិន្នន័យពាណិជ្ជកម្ម LSEG បានឱ្យដឹងថា ប្រទេសឥណ្ឌាបានបញ្ជាទិញឧស្ម័នរាវ (LPG) ពីប្រទេសអ៊ីរ៉ង់ជាលើកដំបូងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទិញនេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកទណ្ឌកម្មជាបណ្តោះអាសន្នលើការនាំចេញប្រេង និងឥន្ធនៈចម្រាញ់របស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គួររំលឹកថា ឥណ្ឌាបានបញ្ឈប់ការទិញថាមពលពីអ៊ីរ៉ង់ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ ក្រោមសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។ យោងតាមទិន្នន័យរបស់ LSEG កប៉ាល់ដឹកប្រេងឈ្មោះ Aurora ដែលធ្លាប់ជាប់ទណ្ឌកម្មនេះ ដើមឡើយមានទិសដៅធ្វើដំណើរទៅកាន់ប្រទេសចិននោះទេ។
ប្រភពដដែលបានបញ្ជាក់ថា កប៉ាល់ដែលផ្ទុកឧស្ម័ន LPG របស់អ៊ីរ៉ង់នេះ ត្រូវបានរំពឹងថានឹងចូលចតនៅកំពង់ផែ Mangalore នៅតំបន់ឆ្នេរភាគខាងលិចរបស់ឥណ្ឌាក្នុងពេលឆាប់ៗនេះ។
ការវិវត្តនេះកើតឡើងក្នុងពេលដែលប្រទេសនៅអាស៊ីខាងត្បូងមួយនេះ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរំខានដល់ការដឹកជញ្ជូនថាមពលតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) ដែលបង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕





