អ៉ីរ៉ង់កំពុងរៀបចំច្បាប់ ដើម្បីកំណត់ឱ្យមានការបង់ប្រាក់ សម្រាប់កប៉ាល់ដែលចង់ដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz (Video inside)

26-03-2026 15:15

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ថា សភានៃប្រទេសអ៉ីរ៉ង់ កំពុងព្យាយាមអនុម័តច្បាប់មួយ ដែលនឹងកំណត់ឱ្យមានការបង់ប្រាក់សម្រាប់កប៉ាល់នានា ដែលមានបំណងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ខាងលើ ផ្អែកលើសម្តីប្រធានគណៈកម្មាធិការកិច្ចការស៉ីវិលនៃសភាអ៉ីរ៉ង់ ដែលបាននិយាយថា សេចក្តីព្រាងច្បាប់មួយ នាពេលនេះកំពុងត្រូវបានរៀបចំឡើង ដោយក្រុមអ្នកជំនាញផ្នែកច្បាប់របស់សភា ហើយនឹងចេញជារូបរាងក្នុងពេលឆាប់ៗ។ មន្រ្តីដដែល បាននិយាយថា យោងតាមផែនការនេះ អ៉ីរ៉ង់ចាំបាច់តម្រូវឱ្យមានការបង់ប្រាក់ ដើម្បីធានាសន្តិសុខរបស់កប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

មន្រ្តីអ៉ីរ៉ង់ខាងលើ បានបន្ថែមថា «វាពុំមានអ្វីចម្លែកទាល់តែសោះ។ ដូចនៅតាមច្រកផ្លូវដទៃទៀតដែរ នៅពេលទំនិញឆ្លងកាត់តាម​ប្រទេសមួយ គឺត្រូវមានការបង់ពន្ធ... ច្រកសមុទ្រ Hormuz ក៏ជាច្រកផ្លូវមួយដែរ។ យើងជាអ្នកធានាសន្តិសុខនៃច្រកនេះ ដូច្នេះហើយ វាគឺជារឿងធម្មតាដែលកប៉ាល់ដឹកទំនិញ ក៏ដូចជាកប៉ាល់ដឹកប្រេង ត្រូវបង់ថ្លៃពន្ធ»

គួរបញ្ជាក់ថា បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនផែនការ១៥ចំណុចរបស់ខ្លួន សំដៅបញ្ចប់សង្រ្គាមឱ្យមកទីក្រុងតេហរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានដាក់ចេញលក្ខខណ្ឌចំនួន៥បកទៅវិញ ដោយក្នុងនោះ រួមមានទាំងការទាមទារការទទួលស្គាល់​ជាអន្តរជាតិ ចំពោះសិទ្ធិរបស់អ៉ីរ៉ង់ ដើម្បីអនុវត្តយុត្តាធិការលើច្រកសមុទ្រ Hormuz៕