សង្រ្គាមមជ្ឈិមបូព៌ា នឹងចោទជាបញ្ហាសម្រាប់ G7 បន្ថែមលើសង្រ្គាមអ៊ុយក្រែន និងភាពមិនច្បាស់លាស់ ក្នុងទំនាក់ទំនងជាមួយអាមេរិក (Video inside)

26-03-2026 16:16

(VAUX-DE-CERNAY, បារាំង)៖ ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសមកពីក្រុមប្រទេស G7 នឹងជួបប្រជុំក្នុងប្រទេសបារាំង ក្រោមស្រមោលនៃសង្រ្គាមអ៉ីរ៉ង់ សង្រ្គាមអ៊ុយក្រែន កត្តាសេដ្ឋកិច្ចមិនប្រាកដប្រជា ក៏ដូចជាការកើនឡើងនូវភាពមិនប្រាកដប្រជា ក្នុងទំនាក់ទំនងការបរទេសជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦។

កិច្ចប្រជុំរយៈពេលពីរថ្ងៃ នឹងប្រព្រឹត្តទៅនៅឯរីសតប្រវត្តិសាស្រ្ត Abbaye des Vaux-de-Cernay របស់បារាំង ដែលស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីក្រុងប៉ារីស ចូលរួមដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប (EU)។ កិច្ចប្រជុំនេះ នឹងត្រូវដោះស្រាយបញ្ហាប្រឈមយ៉ាងទូលំទូលាយ លើផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

ភាព​ស្អិតរមួត​ក្នុងប្លុក បាន​រលាយ​ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ ​វិល​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​​អាមេរិក ​ក្នុង​ឆ្នាំ ២០២៥។ ដូចជាមិត្តផង និងសត្រូវផង ប្លុក G7 បានចំណាយពេលឆ្នាំមុន ឆ្លើយតបនឹងភាពប្រែប្រួលភ្លាមៗ នៃគោលនយោបាយអាមេរិក រាប់ពីបញ្ហាពន្ធគយរហូតដល់សង្រ្គាមអ៊ុយក្រែន ហើយឥឡូវនេះ ចូលមកដល់សង្រ្គាមមជ្ឈិមបូព៌ា ដែលអ្នកការទូត និងមន្ត្រីអឺរ៉ុបនិយាយថា បានឈានដល់ចំណុចខ្វះគោលដៅច្បាស់លាស់ ឬយុទ្ធសាស្ត្រចាកចេញ។

រដ្ឋមន្ត្រីមកពីប្រេស៉ីល ឥណ្ឌា កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមានទម្ងន់ធ្ងន់ផ្នែកសេដ្ឋកិច្ច ក៏នឹងចូលរួមផងដែរ៕