អ៊ីរ៉ង់យល់ព្រមឱ្យនាវាម៉ាឡេស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយលោក អាន់វ៉ា អន្តរាគមន៍ (Video inside)

26-03-2026 19:25

(កូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា នាវារបស់ម៉ាឡេស៊ីឥឡូវនេះត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញហើយ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប តួកគី និងប្រទេសក្នុងតំបន់ដទៃទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក អាន់វ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានាធិបតីអ៊ីរ៉ង់ ដោយលោកបានបញ្ជាក់ថា «បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណើរការដោះលែងនាវាដឹកប្រេងម៉ាឡេស៊ី និងកម្មករពាក់ព័ន្ធ ដើម្បីឱ្យពួកគេអាចបន្តដំណើរត្រឡប់មកផ្ទះវិញបាន»។

មេដឹកនាំម៉ាឡេស៊ីរូបនេះបានឱ្យដឹងថា កិច្ចពិភាក្សាទាំងនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់សន្តិភាពនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា វាមិនមែនជារឿងងាយស្រួលទេ ព្រោះ «អ៊ីរ៉ង់មានអារម្មណ៍ថាត្រូវបានគេបោកប្រាស់ជាច្រើនលើកច្រើនសា ហើយពួកគេយល់ថាវាពិបាកក្នុងការទទួលយកជំហានសន្តិភាពណាមួយ ប្រសិនបើគ្មានការធានាសន្តិសុខច្បាស់លាស់ និងមានកាតព្វកិច្ចសម្រាប់ជាតិរបស់ពួកគេ»។

ទាក់ទងនឹងផលប៉ះពាល់ក្នុងប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តរក្សាការឧបត្ថម្ភធន (Subsidy) លើតម្លៃប្រេងដដែល ប៉ុន្តែកំពុងចាត់វិធានការកាត់បន្ថយបរិមាណប្រេងដែលត្រូវផ្តល់ការឧបត្ថម្ភធនប្រចាំខែ។ លោកបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz និងសង្គ្រាមនៅមជ្ឈិមបូព៌ា៕