លោក ត្រាំ ព្រមានអ៊ីរ៉ង់ឱ្យ «យកចិត្តទុកដាក់» លើកិច្ចព្រមព្រៀង ហើយឆ្លើយតបឱ្យបានឆាប់រហ័ស​​ មុនពេលវាយឺតពេល (Video inside)

26-03-2026 20:59

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ ឱ្យ «យកចិត្តទុកដាក់» ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជិត ៤សប្តាហ៍នេះ។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បញ្ជាក់ថា ទីក្រុងតេហេរ៉ង់កំពុងពិនិត្យមើលសំណើរបស់អាមេរិក ប៉ុន្តែមិនទាន់មានការចរចាបញ្ចប់សង្គ្រាមជាផ្លូវការនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើងស្របពេលដែលផលប៉ះពាល់សេដ្ឋកិច្ច និងមនុស្សធម៌នៃជម្លោះកំពុងកើនឡើង រួមទាំងកង្វះខាតប្រេងឥន្ធនៈទូទាំងពិភពលោកផងដែរ។ បច្ចុប្បន្ន «ការចរចាដោយប្រយោល» រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងធ្វើឡើងតាមរយៈសារដែលបញ្ជូនដោយប្រទេសប៉ាគីស្ថាន ដោយមានការជួយគាំទ្រសម្របសម្រួលពីតួកគី និងអេហ្ស៊ីប។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់ត្រូវបាន «កម្ទេចខាងយោធា ដោយគ្មានឱកាសងើបឡើងវិញទេ» ហើយកំពុង «អង្វរ» សុំកិច្ចព្រមព្រៀង។ លោកបានព្រមានយ៉ាងចាស់ដៃថា «ពួកគេគួរតែយកចិត្តទុកដាក់ ហើយឆ្លើយតបឱ្យបានឆាប់ មុនពេលវាយឺតពេល ព្រោះនៅពេលរឿងនោះកើតឡើង នឹងគ្មានការថយក្រោយទេ ហើយវានឹងមិនល្អមើលឡើយ»។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី (Abbas Araqchi) បានច្រានចោលការសន្និដ្ឋាននេះ ដោយបញ្ជាក់ថា ការហុចសារឆ្លងឆ្លើយគ្នាមិនមែនជាការចរចាទេ។ លោកសង្កត់ធ្ងន់ថា «បច្ចុប្បន្ន គោលនយោបាយរបស់យើងគឺបន្តការតស៊ូ និងការពារប្រទេស ហើយយើងគ្មានបំណងចរចាទេ»។

គួរបញ្ជាក់ថា ភាគីទាំងពីរនៅតែមានជំហរទាមទារយ៉ាងតឹងរ៉ឹង៖ សំណើ ១៥ចំណុចរបស់អាមេរិកទាមទារឱ្យអ៊ីរ៉ង់រំសាយកម្មវិធីនុយក្លេអ៊ែរ កម្រិតមីស៊ីល និងប្រគល់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz)។ ចំណែកឯអ៊ីរ៉ង់វិញ ទាមទារការធានាសន្តិសុខប្រឆាំងនឹងការវាយប្រហារទៅថ្ងៃមុខ សំណងខូចខាត ទាមទារការគ្រប់គ្រងច្រកសមុទ្រនេះជាផ្លូវការ និងចង់បញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ៕