រុស្ស៊ីច្រានចោលរបាយការណ៍ថាខ្លួនបញ្ជូនដ្រូនទៅអ៊ីរ៉ង់ ដោយចាត់ទុកថាជា «ការកុហក» សុទ្ធសាធ (Video inside)

26-03-2026 21:17

(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា របាយការណ៍របស់កាសែត Financial Times ដែលចោទប្រកាន់ថាខ្លួនជិតបញ្ចប់ការបញ្ជូនដ្រូនទៅឱ្យប្រទេសអ៊ីរ៉ង់ គឺជា «ការកុហក» សុទ្ធសាធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា «មានការកុហកជាច្រើនដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ...សូមកុំយកចិត្តទុកដាក់ចំពោះព័ត៌មានទាំងនោះអី»។
ទោះបីជារុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ៊ីរ៉ង់ក៏ដោយ ក៏ទីក្រុងមូស្គូតែងតែបដិសេធថា ខ្លួនមិនបានបញ្ជូនជំនួយយោធាណាមួយទៅឱ្យដៃគូរបស់ខ្លួនឡើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារប្រទេសនេះក្នុងខែកុម្ភៈមក។

គួររំលឹកថា កាសែត Financial Times កាលពីថ្ងៃពុធ បានដកស្រង់សម្តីមន្ត្រីចារកម្មលោកខាងលិចដែលអះអាងថា រុស្ស៊ីកំពុងស្ថិតក្នុងដំណើរការប្រគល់ដ្រូនទៅឱ្យទីក្រុងតេហេរ៉ង់ ហើយនឹងបញ្ចប់ការដឹកជញ្ជូននៅត្រឹមចុងខែមីនា។ លើសពីនេះ កាសែត The Washington Post ក៏ធ្លាប់បានរាយការណ៍កាលពីដើមខែនេះផងដែរថា ទីក្រុងមូស្គូបានបញ្ជូនព័ត៌មានចារកម្មដ៏រសើប រួមទាំងទីតាំងនៃនាវាចម្បាំង និងយន្តហោះអាមេរិកនៅក្នុងតំបន់ ទៅឱ្យប្រទេសអ៊ីរ៉ង់៕\