វៀតណាម លុបចោលពន្ធបរិស្ថានជាបណ្តោះអាសន្ន លើប្រេងឥន្ធនៈ ដើម្បីទាញតម្លៃឱ្យចុះមកវិញ ក្រោយបានហក់ឡើងយ៉ាងខ្ពស់ (Video inside)
27-03-2026 14:31
(ហាណូយ)៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសវៀតណាម នាថ្ងៃសុក្រ ទី២៧ ខែមីនា បានប្រកាសថា ការយកពន្ធគាំពារបរិស្ថានលើប្រេងឥន្ធនៈ ត្រូវបានលុបចោលជាបណ្តោះអាសន្ន ដើម្បីទាញតម្លៃប្រេងនៅក្នុងប្រទេសឱ្យធ្លាក់ចុះ ក្រោយការហក់ឡើងយ៉ាងគំហុកដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយថា អត្រាពន្ធគាំពារបរិស្ថានលើប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ នឹងត្រូវបន្ថយមកនៅសូន្យ ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃទី១៥ ខែមេសា។ ក្រសួងបានបន្តថា វាគឺជាដោះស្រាយបន្ទាន់និងមានប្រសិទ្ធភាព ដើម្បីផ្តល់ស្ថិរភាពចំពោះទីផ្សារប្រេងឥន្ធនៈ និងធានាសន្តិសុខថាមពលជាតិ ចំពោះមុខការបន្តកើនឡើង នៃជម្លោះនៅច្រកសមុទ្រ Hormuz ដែលកំពុងបង្កភាពរាំងស្ទះផ្នែកថាមពលដ៏ធំបំផុត។
គួរបញ្ជាក់ថា យោងតាមតួលេខចេញផ្សាយដោយក្រសួងពាណិជ្ជកម្មវៀតណាម វិធានការខាងលើ នឹងបញ្ចុះតម្លៃប្រេងសាំងប្រហែល២៦ភាគរយ និងប្រេងម៉ាស៊ូតជាង១៥ភាគរយ បន្ទាប់ពីតម្លៃពួកវាបានកើនឡើងកប់ពពក ក្នុងសប្តាហ៍នេះ។ គិតត្រឹមថ្ងៃសុក្រនេះ តម្លៃប្រេងសាំងអុកតាន៩៥ នៅប្រទេសវៀតណាម បានថយពី៣២៩៥៧ដុង (១.២៥ដុល្លារ) មកនៅ២៤៣៣២ដុង (០.៩២ដុល្លារ) ហើយតម្លៃម៉ាស៊ូត បានថយមកនៅ៣៥៤៤០ដុង (១.៣៥ដុល្លារ)។ តម្លៃម៉ាស៊ូតនៅវៀតណាម បានកើនឡើងជាង១០០ភាគរយ គិតតាំងពីការចាប់ផ្តើមនៃសង្រ្គាមមជ្ឈិមបូព៌ា កាលពីចុងខែមុន៕






